(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៦ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ២៦ករណីខាងលើនេះ មាន២១ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន១១ករណីត្រូវបានរកឃើញនៅខេត្ត សាមុតសាខន (Samut Sakhon), ០៧ករណីនៅទីក្រុងបាងកក (Bangkok), និង០៣ករណីទៀតនៅខេត្ត សាមុត ប្រាកាន (Samut Prakan)។ ចំណែកឯ ០៥ករណីផ្សេងទៀត ជាករណីនាំចូលត្រូវបានរកឃើញនៅលើអ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៨៨៩ករណី ក្នុងនោះមានអ្នកស្លាប់៩៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,៥៤៨នាក់។ ក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ ប្រទេសថៃត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះវិញនូវករណីឆ្លងក្នុងស្រុក គួរឲ្យកត់សម្គាល់ ខណៈអាជ្ញាធរថៃបានអះអាងថាស្ថានការណ៍ COVID-19 ក្នុងប្រទេសអាស៊ានមួយនេះកំពុងស្ថិតក្នុងការគ្រប់គ្រង៕