(ប៉េកាំង)៖ ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានអភិវឌ្ឍបច្ចេកវិទ្យាពិសេសមួយ ដែលមានសមត្ថភាពសម្លាប់វីរុសកូរ៉ូណាថ្មី (COVID-19) បាន តាមរយៈការប្រើប្រាស់កាំរស្មីអេឡិចត្រុង (electron beam irradiation)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

កំឡុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅទីក្រុង ហ្សិនជីន (Shenzhen) ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរចិន (China General Nuclear Power Corporation ឬ CGN) រួមជាមួយអង្គភាពស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តមួយចំនួនទៀត បានប្រកាសថា គម្រោងស្តីពីការប្រើប្រាស់បច្ចេកវិទ្យាកាំរស្មីអេឡិចត្រុង ដើម្បីសម្លាប់វីរុសកូរ៉ូណានៅលើកញ្ចប់ចំណីអាហារក្លាសេ ទើបតែឆ្លងផុតការត្រួតពិនិត្យដោយក្រុមអ្នកជំនាញ ហើយការងារអភិវឌ្ឍឈុតឧបករណ៍ដំបូង សម្រាប់អនុវត្តបច្ចេកវិទ្យានេះ ក៏សម្រេចបានជាស្ថាពរផងដែរ។

គួរបញ្ជាក់ថា គម្រោងបច្ចេកវិទ្យាខាងលើ គឺជាការឆ្លើយតបមួយចំពោះតម្រូវការ នៃការសម្លាប់វីរុសកូរ៉ូណានៅលើចំណីអាហារក្លាសេ ដែលនាំចូលទៅក្នុងប្រទេសចិន ខណៈកន្លងមកចិនធ្លាប់បានរកឃើញវត្តមានវីរុសនេះ នៅលើកញ្ចប់គ្រឿងសមុទ្រក្លាសេជាដើម។ លទ្ធផលនៃគម្រោងនេះ អាចផ្តល់ឲ្យចិននូវដំណោះស្រាយយ៉ាងប្រសើរមួយ ដើម្បីទប់ទល់នឹងវត្តមានវីរុសកូរ៉ូណា នៅលើកញ្ចប់អាហារទាំងនោះ។ បើតាមក្រុមហ៊ុន CGN ការសម្លាប់វីរុសកូរ៉ូណា តាមរយៈបច្ចេកវិទ្យាកាំរស្មីអេឡិចត្រុងនេះ គឺមិនប៉ះពាល់ដល់អាហារ ដែលស្ថិតក្នុងកញ្ចប់វេចខ្ចប់ឡើយ ហើយវាអាចកម្ចាត់វីរុស ប្រកបដោយប្រសិទ្ធភាពខ្ពស់ទៀតផង៕