(ប៉េកាំង)៖ សភាប្រជាជនចិននៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានអនុម័តលើផែនការធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតក្នុងទីក្រុងហុងកុង ខណៈបណ្ដាប្រទេសលោកខាងលិចចោទប្រកាន់ថា ការធ្វើកំណែទម្រង់នេះ នឹងជួយឱ្យទីក្រុងប៉េកាំងពង្រឹងការគ្រប់គ្រង លើតំបន់សេដ្ឋកិច្ចពិសេសមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

Reuters ធ្វើសេចក្ដីរាយការណ៍ដូចខាងលើនេះ ដោយផ្អែកលើលោកស្រី ម៉ារៀ តាំ (Maria Tam) ជាអ្នកនយោបាយហុងកុងជាន់ខ្ពស់ម្នាក់ ដែលកំពុងធ្វើការជាមួយសភាប្រជាជនចិន ជុំវិញការធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតក្នុងទីក្រុងហុងកុង។ បើតាមលោកស្រី Maria Tam គណៈកម្មាធិការរៀបចំការបោះឆ្នោតហុងកុង នឹងមានសិទ្ធិតែងតាំងអ្នកតំណាងរាស្ត្រ ៤០រូប នៃសភាជាតិហុងកុង នៅក្រោមក្របខណ្ឌនៃការធ្វើកំណែទម្រង់ ដែលទទួលបានការអនុម័តពី គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។

លោកស្រី Tam បានបន្ថែមទៀតថា ចំនួនតំណាងរាស្ត្រដែលត្រូវបានជ្រើសរើសដោយផ្ទាល់ នឹងត្រូវកាត់បន្ថយពី ៣៥រូប មកនៅត្រឹម ២០រូប ខណៈចំនួនតំណាងរាស្ត្រនឹងត្រូវ បង្កើនពី ៧០រូបនាពេលបច្ចុប្បន្នដល់ ៩០រូប។ ចំណែកឯ សមាជិកនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតក៏នឹងត្រូវបង្កើនពី ១,២០០នាក់ ដល់ ១,៥០០នាក់ផងដែរនៅក្រោមក្របខណ្ឌ នៃការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនេះ។

គួរបញ្ជាក់ថា ផែនការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ក្នុងទីក្រុងហុងកុងរបស់ទីក្រុងប៉េកាំង ទទួលរងការរិះគន់ជាបន្តបន្ទាប់ ពីសំណាក់សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប ដោយពួកគេបានចោទថា ការធ្វើកំណែទម្រង់នេះនឹងជួយឱ្យទីក្រុងប៉េកាំង ពង្រឹងការគ្រប់គ្រងលើទីក្រុងហុងកុង និងជាទង្វើបំផ្លាញដល់គោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរ។ យ៉ាងណាក៏ដោយ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) ធ្លាប់បានធ្វើការឆ្លើយតប ជាមួយក្រុមអ្នកសារព័ត៌មានរួចទៅហើយ កាលពីពេលថ្មីៗនេះ ដោយស្រីបានអះអាងច្បាស់ៗថា «ប្រការដែលពាក់ព័ន្ធនឹងរចនាសម្ព័ន្ធនយោបាយ ហុងកុងដោះស្រាយដោយខ្លួនឯងមិនកើតទេ»

ចំពោះការចោទថា គោលបំណងនៃការកំណត់ថ្មីខាងលើនេះ គឺជាការចង់គាបសង្កត់ ការចូលរួមការបោះឆ្នោតរបស់សមាជិកសភា ដែលត្រូវបានជ្រើសរើសផ្ទាល់នោះ លោកស្រី Lam បានបញ្ជាក់ថា អ្នកស្នេហាជាតិសុទ្ធតែអាចចុះឈ្មោះ ចូលរួមការបោះឆ្នោត ការស្នេហាជាតិមិនមែនជាតម្រូវការលំបាកនោះទេ។ បន្ថែមពីនេះ ចំពោះសំនួរដែលថា អ្នកហុងកុងប្រហែលនឹងមិនហ៊ានបញ្ចេញមតិយោបល់ លោកស្រីបានឆ្លើយតបទាំងសើចថា កាសែតហុងកុងរិះគន់លោកស្រីជារៀងរាល់ថ្ងៃ នេះបានបញ្ជាក់គ្រប់គ្រាន់ហើយថា «សេរីភាពរបស់អ្នកហុងកុងមិនដែលបាត់បង់ទេ»