(តៃប៉ិ)៖ មន្រ្តីជាន់ខ្ពស់តៃវ៉ាន់មួយរូប នៅថ្ងៃចន្ទនេះបានអះអាងថា កងទ័ពអាកាសតៃវ៉ាន់លែងចល័តយន្តហោះចម្បាំង ឲ្យចេញស្ទាក់រាល់ពេលដែលយន្តហោះយោធាចិន ទន្ទ្រានចូលមកក្នុងតំបន់ការពារដែនអាកាស ADIZ របស់ខ្លួនទៀតហើយ ប៉ុន្តែប្រើប្រព័ន្ធមីស៉ីលដែលស្ថិតលើដី ដើម្បីតាមដានវិញ ព្រោះវិធីនេះអាចជួយសន្សំធនធាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

តាមរយៈកិច្ចប្រជុំសភាតៃវ៉ាន់នៅថ្ងៃចន្ទនេះ អនុរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ចាង ចេពីង (Chang Che-ping) បាននិយាយថា កាលពីដំបូងៗឡើយ យន្តហោះចម្បាំងតៃវ៉ាន់តែងតែត្រូវបានបញ្ជូនឲ្យទៅស្កាត់ រាល់ពេលដែលមានយន្តហោះយោធាចិន ហោះចូលតំបន់ភាគអាគ្នេយ៍នៃតំបន់ ADIZ របស់តៃវ៉ាន់ ខណៈការធ្វើបែបនេះ គឺត្រូវចំណាយពេលវេលា និងធនធានមានតម្លៃច្រើន។

លោក Chang បានបន្តទៀតថា ក្រោយមកវិធីសាស្រ្តនៃការឆ្លើយតបខាងលើ ត្រូវបានផ្លាស់ប្តូរ ដោយយោធាតៃវ៉ាន់នឹងចល័តយន្តហោះ ដែលយឺតល្មមប៉ុណ្ណោះ ក្នុងករណីដែលចិនធ្វើដូចគ្នា ប៉ុន្តែតៃវ៉ាន់ក៏បានបន្តសម្រួល មធ្យោបាយឆ្លើយតបថែមទៀត។ បើតាមលោក Chang ឥឡូវ តៃវ៉ាន់ភាគច្រើនកំពុងប្រើប្រាស់ ប្រព័ន្ធមីស៉ីលនៅលើដីជំនួសវិញ ដើម្បីតាមដានយន្តហោះយោធារបស់ចិន ព្រោះវាចំណេញធនធាន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ យន្តហោះយោធាចិនសរុបដល់ទៅ ២០គ្រឿង បានចូលមកក្នុងតំបន់ ADIZ របស់តៃវ៉ាន់ ដែលជាចំនួនច្រើនបំផុតពុំធ្លាប់មាន។ ក្រសួងការពារជាតិតៃវ៉ាន់ ធ្លាប់បាននិយាយកាលពីខែតុលា ឆ្នាំមុនថា តៃវ៉ាន់បានចំណាយថវិកាជិត ៩០០លានដុល្លារ ក្នុងឆ្នាំ២០២០ លើការចល័តយន្តហោះចម្បាំង ឲ្យទៅស្ទាក់យន្តហោះយោធាចិន និងថាសម្ពាធដែលពួកគេកំពុងប្រឈម គឺខ្លាំងក្លាណាស់។

ទោះបីជាកងទ័ពអាកាសតៃវ៉ាន់ ទទួលបានការហ្វឹកហាត់យ៉ាងល្អក៏ពិតមែន ប៉ុន្តែបើធៀបជាមួយកងទ័ពអាកាសចិនវិញនោះ គឺចិនមានអានុភាពជាងឆ្ងាយខ្លាំងណាស់។ ការប្រកាសពីការផ្លាស់ប្តូរយុទ្ធសាស្ត្រខាងលើនេះ បានកើតមានឡើងបន្ទាប់ពី យន្តហោះចម្បាំងតៃវ៉ាន់បានបុកគ្នា និងធ្លាក់កាលពីមួយសប្តាហ៍មុន ដែលនាំឲ្យមានការខាតបង់យ៉ាងខ្លាំង៕