(ហ្សឺណែវ)៖ របាយការណ៍ពីក្រុមជំនាញអន្តរជាតិ របស់អង្គការសុខភាពពិភពលោក (WHO) ដែលបានធ្វើទស្សនកិច្ចដោយផ្ទាល់ ទៅកាន់ទីក្រុងវូហាន (Wuhan) ប្រទេសចិន បានធ្វើការសន្មត់តែម្តងថា វីរុសកូរ៉ូណា (COVID-19) ទំនងជាត្រូវបានចម្លងពីសត្វប្រចៀវទៅកាន់មនុស្ស តាមរយៈសត្វជាអន្តរការីមួយប្រភេទទៀត ដែលមិនទាន់ត្រូវបានកំណត់ឃើញ ឬបាត់ដាន (missing link) ប៉ុន្តែក្រុមជំនាញបានច្រានចោលទាំងស្រុង ចំពោះការលើកឡើងថា វីរុសកូរ៉ូណាត្រូវបានបែកធ្លាយចេញពីមន្ទីរពិសោធន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នាល្ងាចថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

សម្មតិកម្មក្នុងកម្រិតមធ្យមត្រូវបានធ្វើឡើង ដោយចេញលទ្ធផលពីកម្រិត «likely ទៅជា very likely» ឬពីកម្រិត «ទំនងជា ទៅជា ទំនងបំផុត» ដែលវីរុសកូរ៉ូណាត្រូវបានចម្លងពីសត្វប្រចៀវទៅកាន់មនុស្ស តាមរយៈសត្វមួយប្រភេទផ្សេងទៀត ដែលជាភ្ញាក់ចម្លងមិនទាន់ត្រូវបានកំណត់ ប្រភេទឲ្យច្បាស់លាស់នៅឡើយ។ ប៉ុន្តែសម្រាប់លទ្ធផលនៃការសិក្សាស្រាវជ្រាវ ដោយក្រុមជំនាញ WHO ខាងលើនេះ ការអះអាងថាវីរុសកូរ៉ូណា ត្រូវបានបែកធ្លាយចេញពីមន្ទីរពិសោធន៍ ត្រូវបានច្រានចោលទាំងស្រុងតែម្តង ដោយគេសន្មត់ថា «extremely unlikely» ឬមានន័យថា «ទំនងជាមិនអាចទៅរួចសោះតែម្តង»។

គួរបញ្ជាក់ថា របាយការណ៍ចុងក្រោយ ដែលក្រុមជំនាញ WHO បានចេញនៅពេលនេះ គឺត្រូវបានទន្ទឹងរង់ចាំដោយអន្តរជាតិ ជាយូរណាស់មកហើយ គិតចាប់តាំងពីក្រុមជំនាញនេះ បានចាកចេញពីទីក្រុងវូហាន កាលពីមួយខែមុនមកម្ល៉េះ។ យ៉ាងណាក៏ដោយ ការចេញរបាយការណ៍យឺតនេះ ត្រូវបានក្រុមជំនាញអន្តរជាតិ WHO អះអាងថា ដោយសារតែពួកគេត្រូវការពេលវេលា ដើម្បីរៀបចំលំដាប់លំដោយនៃសម្មតិកម្ម។

ក្រុមជំនាញខាងលើនេះជឿជាក់ក្នុងកម្រិតខ្ពស់ថា វីរុសកូរ៉ូណា (SARS-CoV-2) ដែលបង្កទៅជាជំងឺ COVID-19 មានប្រភពដើមមកពីសត្វប្រចៀវ។ អ្វីដែលត្រូវបញ្ជាក់បន្ថែមទៀតនោះ គឺថាតើវីរុសនោះបានចម្លងមកកាន់មនុស្ស តាមរយៈសត្វប្រចៀវដោយផ្ទាល់ ឬតាមរយៈសត្វណាផ្សេងទៀត ដែលក្រុមការងារអន្តរជាតិនេះ មិនអាចកំណត់បាន។ បន្ថែមពីនេះ ក្រុមជំនាញក៏បានរកឃើញថា វីរុស SARS-CoV-2 បានវិវត្តន៍លើខ្លួនសត្វប្រចៀវ អស់រាប់ទសវត្សរ៍មកហើយ ប៉ុន្តែសម្រាប់ដំណើរនៃការកកើតពពួកវីរុសនេះ គឺទំនងជាបាត់ដានទៅហើយ (missing link)៕