(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣៩ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

ជំនួយការអ្នកនាំពាក្យ CCSA លោកស្រី អភិសាម៉ៃ ស្រីរាំងសុន (Apisamai Srirangson) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២៨ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ១៥ករណី ត្រូវបានរកឃើញនៅទីក្រុង បាងកក (Bangkok), ១០ករណីនៅខេត្ត សាមុត សាខន (Samut Sakhon), ០១ករណីនៅខេត្ត មហា សារ៉ាខាំ (Maha Sarakham), ០១ករណីនៅខេត្ត រ៉ាត់ឆាបុរី (Ratchaburi), និង ០១ករណីទៀតនៅខេត្ត កាឡាស៊ីន (Kalasin)។ ចំណែកឯ ១១ករណីផ្សេងទៀតជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលទើបវិលត្រឡប់មកពីបរទេស។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៧៧៣ករណី ក្នុងនោះមានអ្នកស្លាប់ ៩៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ២៧,៣១៣នាក់៕