(ប៉េកាំង)៖ នៅក្នុងប្រវត្ដិសាស្ដ្រពិភពលោកដ៏យូរលង់ ភាពក្រីក្រតែងតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញខ្លាំង ដែលមនុស្សជាតិត្រូវប្រឈមមុខ។ ប្រទេសចិនថ្មីបានឈានចូលយុគសម័យថ្មី ដែលមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ ប៉ុន្តែផ្លូវលុបបំបាត់ភាពក្រីក្រមិនមែនរលូនទេ ដោយផ្លូវកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនពោរពេញទៅដោយភាពបត់បែនខ្លាំង។

នៅចំណុចប្រវត្តិសាស្ត្រដ៏សំខាន់ នៃយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ មានតែការយកជ័យជម្នះចុងក្រោយប៉ុណ្ណោះ គ្មានជម្រើសផ្សេងទេ។ តាំងពីសមាជបក្សកម្មុយនិស្តចិនលើកទី១៨មក លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានប្រមូលផ្តុំកម្លាំងរបស់បក្ស ទាំងមូលនិងសង្គមទាំងមូល ដើម្បីរៀបចំនិងអនុវត្តយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រដ៏ធំបំផុត និងខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ហើយទទួលបានជ័យជម្នះដ៏ធំធេង ដែលធ្វើឱ្យពិភពលោកចាប់អារម្មណ៍។

ក្រោមការដឹកនាំផ្ទាល់របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន វិធានការកាត់បន្ថយភាពក្រីក្រចំគោលដៅ អនុវត្តដោយប្រសិទ្ធភាពខ្ពស់។ នៅចុងឆ្នាំ២០២០ ប្រជាជនក្រីក្រនៅតាមជនបទជិត ១០០លាននាក់ បានចេញផុតពីភាពក្រីក្រ ស្រុកក្រីក្រចំនួន៨៣២ ត្រូវបានលុបបំបាត់ភាពក្រីក្រ បាតុភាពក្រីក្រដាច់ខាត ត្រូវបានលុបបំបាត់ ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រទទួលបានជ័យជម្នះ។

លោក ស៊ី ជីនភីង បានចង្អុលបង្ហាញថា សូចនាករស្នូលនៃការយកឈ្នះក្នុងយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រគឺ ដល់ឆ្នាំ ២០២០ ត្រូវសម្រេចបាននូវគោលដៅជាអាទិ៍៖ ជនក្រីក្រគ្មានការព្រួយបារម្ភអំពីការហូបចុភនិងស្លៀកពាក់ ហើយការទទួលបានការអប់រំជាកាតព្វកិច្ច ការថែទាំសុខភាពជាមូលដ្ឋាននិងសុវត្ថិភាពផ្ទះស្នាក់នៅ ត្រូវទទួលបានការធានា។

គិតរហូតដល់បច្ចុប្បន្ននេះ ភូមិនៅទូទាំងប្រទេសចិនសុទ្ធតែមានផ្លូវបេតុង ភូមិនីមួយៗមានគ្លីនិកនិងគ្រូពេទ្យតាមភូមិ លក្ខណសម្បត្តិនៃសាលារៀន ដែលមានការអប់រំទន់ខ្សោយចំនួន ១០៨,០០០ខ្នងត្រូវ បានកែលម្អ ហើយអត្រានៃការផ្គត់ផ្គង់ថាមពលអគ្គិសនី នៅតាមជនបទបានឡើងដល់៩៩% អត្រានៃការប្រើប្រាស់អ៊ីនធឺណិតតាមភូមិក្រីក្រនៅតំបន់ក្រីក្រខ្លាំង បានឡើងដល់ ៩៨% ប្រជាជនក្រីក្រជាង ៩.៦លាននាក់ បានចេញផុតពីភាពក្រីក្រ ។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតនៅលើពិភពលោក សមិទ្ធផលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន បានទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោក មិនត្រឹមតែបង្ហាញពីឧត្តមភាពនយោបាយ ដែលដឹកនាំដោយបក្សកុម្មុយនិស្តចិន និងរបបសង្គមនិយមនោះទេ ក៏បាននាំមកនូវជំនឿចិត្តលើការកាត់បន្ថយភាពក្រីក្រដល់ ប្រទេសផ្សេងទៀតនៅលើពិភពលោកផងដែរ ក៏ដូចជាបានពន្លឿនដំណើរនៃការកាត់បន្ថយភាពក្រីក្រ នៅលើពិភពលោក និងទទួលបានការសរសើរយ៉ាងទូលំទូលាយ។

លោក Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិន បានជួយប្រជាជនចិនរាប់រយលាននាក់ ឱ្យចេញផុតពីភាពក្រីក្រ ហើយប្រទេសចិនកំពុងខិតខំប្រឹងប្រែង ក្នុងការលុបបំបាត់ភាពក្រីក្រខ្លាំងបំផុត នៅក្នុងប្រទេសនៅឆ្នាំ២០២០ ដូច្នេះនេះគឺជាការរួមចំណែកធំបំផុត របស់ប្រទេសចិនចំពោះពិភពលោក។

សព្វថ្ងៃនេះ ប្រទេសចិនបានដោះស្រាយបញ្ហាក្រីក្របំផុត និងការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ ក្តីសុបិនសហស្សវត្សរ៍របស់ប្រជាជាតិចិន នឹងសម្រេចបានក្នុងដៃរបស់មនុស្សជំនាន់នេះ៕