(តូក្យូ)៖ កប៉ាល់ដឹកទំនិញមួយគ្រឿង ដែលកំពុងជាប់គាំងនៅឯព្រែកជីកស៊ុយអេ (Suez Canal) បានក្លាយទៅជារឿងអស់សំណើចមួយទៅវិញ សម្រាប់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដែលបានកាត់តបង្ហោះរូបភាព និងលាយលំសំណេរបែបកំប្លែងៗជាច្រើន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

គណនី Twitter ឈ្មោះ «Guy With the Digger at Suez Canal» បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពកម្មករពីរនាក់ និងត្រាក់ទ័រមួយគ្រឿង កំពុងព្យាយាមកាយដី រំដោះកប៉ាល់ដឹកទំនិញឈ្មោះ Ever Given ហើយរូបភាពត្រូវគេចែករំលែកបន្ត ភ្ជាប់ជាមួយសំណេរកំប្លែងនៅលើបណ្ដាញអ៉ិនធើណិត។ គណនីនេះដដែលបាន សរសេរយ៉ាងដូច្នេះថា «កម្មករពីរនាក់នេះ និងត្រាក់ទ័រកាយដីរបស់ពួកគេ កំពុងព្យាយាមសង្រ្គោះវិស័យពាណិជ្ជកម្មពិភពលោក... ខ្ញុំពុងប្រឹងប្រែង ហើយវាមិនមែនជាការសន្យានោះទេ។ គណនី Twitter ឈ្មោះ «Guy With the Digger at Suez Canal» មានអ្នកតាមដាន ឬ followers កើនដល់ ១៦,០០០នាក់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយដូរប្រូហ្វាលដាក់រូបភាពកប៉ាល់ដែលកំពុងជាប់គាំង។

គួរបញ្ជាក់ថា ប៉ាល់ដឹកទំនិញខ្នាតយក្សឈ្មោះ Ever Given បានជាប់គាំងនៅឯព្រែកជីកស៊ុយអេ (Suez Canal) បន្ទាប់ពីវាបានបាត់បង់ម្ចាស់ការដោយសារតែ ខ្យល់កន្ត្រាក់ចាប់តាំងពីថ្ងៃអង្គារកន្លងទៅនេះមកម្ល៉េះ ដោយធ្វើឱ្យវាជាប់គាំងទាំងទទឹងទិសនៅទីនោះ។ កប៉ាល់ Ever Given គឺជាកប៉ាល់ទឹកទូរកុងទែណឺ ដែលមានបណ្តោយប្រវែង ៤០០ម៉ែត្រ និងទទឹង ៥៩ម៉ែត្រ និងទម្ងន់ ២០០,០០០តោន។

យ៉ាងណាក៏ដោយ នេះមិនមែនជារឿងដែលត្រូវលេងសើចនោះទេ ព្រោះការជាប់គាំងប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យទំនិញជាច្រើនដែលត្រូវឆ្លងកាត់ ទៅកាន់តំបន់នានាមានការរាំងស្ទះ ហើយការរំដោះកប៉ាល់នេះចេញ ត្រូវបានគេមើលឃើញថា ពិបាកនឹងសម្រេចបានក្នុងពេលឆាប់ៗណាស់ ព្រោះតែកប៉ាល់នោះមានទំហំធំធេងពេក ហើយវាខ្ទាស់ជាប់ទាំងក្បាល និងកន្ទុយនៅនឹងមាត់ព្រែកទាំងសងខាងទៅហើយ៕