(ម៉ុមបៃ)៖ យ៉ាងហោចណាស់មនុស្ស ០៦នាក់បានស្លាប់ នៅក្នុងអគ្គីភ័យដែលបានឆាបឆេះផ្សារទំនើបមួយ ដែលត្រូវបានយកធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 នៅទីក្រុងម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

មន្រ្តីប្រចាំទីក្រុងម៉ុមបៃបានគូសបញ្ជាក់ថា អ្នកជំងឺ COVID-19 ជាង ៧០នាក់ដែលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យឯកជនជាន់ទី ៣ ត្រូវបានជម្លៀសចេញទៅកាន់មជ្ឈមណ្ឌលដទៃទៀត ខណៈមូលហេតុដែលបានបណ្ដាលឱ្យមាន អគ្គីភ័យឆាបឆេះបែបនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេតនៅឡើយ ហើយគេក៏មិនទាន់ដឹងច្បាស់ដែរថា តើអ្នកស្លាប់ខាងលើជាអ្នកជំងឺ COVID-19 ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា ទីក្រុង Mumbai ដែលមានប្រជាជនរស់នៅច្រើនកកកុញ នៅតែកំពុងព្យាយាមពុះពារឆ្លងកាត់ ដំណាក់កាលដ៏អាក្រក់បំផុត នៃជំងឺឆ្លងរាតត្បាត COVID-19 ដែលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លងថ្មីៗចំនួន ៥,៥០០ករណីក្នុងមួយថ្ងៃ ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត គិតចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺនេះនៅក្នុងប្រទេសឥណ្ឌា។ ប្រការនេះហើយទើបកាលពីប៉ុន្មានថ្ងៃមុននេះ ឥណ្ឌាបានសម្រេចផ្អាក ការផ្គត់ផ្គង់វ៉ាក់សាំងទៅដល់កម្មវិធី ខូវ៉ាកស៍ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) ដោយសារតែតម្រូវការក្នុងស្រុក កំពុងកើនឡើងយ៉ាងគំហុក៕