(ប៉េកាំង)៖ «ការទទួលបានជីវភាពធូរធារបង្គួរមិនអាចបោះបង់ចោលនរណាម្នាក់បានទេ» នេះជាពាក្យសន្យាដ៏ម៉ឺងម៉ាត់របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបាន បញ្ជាក់ជាច្រើនលើកច្រើនសា។ ជាច្រើនឆ្នាំកន្លងមកនេះ លោកមិនដែលបំភ្លេចពាក្យសន្យាមួយនេះទេ ទោះជាមានភ្លៀងខ្យល់ខ្លាំងក៏លោកតែងតែចុះទៅមូលដ្ឋានក្រីក្រ ដើម្បីពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនិងការផ្តល់សេវាសាធារណៈដែរ ថែមទាំងបានផ្តល់អនុសាសន៍ជាច្រើនដើម្បីលុបបំបាត់ភាពក្រីក្រទៀតផង។ អ្នកភូមិសិនសាន ក្រុងជីងកាំងសាន ខេត្តជាំងស៊ី៖ រដ្ឋាភិបាលបានគាំទ្រពួកយើងឱ្យចញ្ចឹមសត្វពពែ ដាំផ្កាស្បៃលឿង ឥឡូវក្រុមគ្រួសារខ្ញុំអាចទទួលបានប្រាក់ចំណូល ប្រហែល៩ម៉ឺនយាន់ក្នុងមួយឆ្នាំ។ ផ្តោតលើលក្ខណៈពិសេសនៃតំបន់ សមាជិកបក្សកុម្មុនិស្តយចិនបានអនុវត្តគោលនយោបាយជួយកាត់បន្ថយភាពក្រីក្រនៃរដ្ឋាភិបាល ជាលំដាប់លំដោយ ដើម្បីជួយជនក្រីក្រដែលមានតម្រូវការជាក់ស្តែង ដោះស្រាយបញ្ហាគន្លឹះដោយចំគោលដៅ។

អតីតភូមិក្រីក្របានក្លាយជាភូមិដ៏ស្រស់ស្អាត។ ជនជាតិទូឡុងរបស់ប្រទេសចិនជាជនជាតិភាគតិចដែលបច្ចុប្បន្នមានចំនួនមនុស្សសរុបតែជាង៦៩០០នាក់ប៉ុណ្ណោះដែល ស្នាក់នៅតំបន់ជ្រលងភ្នំខ្ពស់តាំងពីបុរាណមក។ បន្ទាប់ពីចាប់ផ្តើមធ្វើកំណែទម្រង់និងការបើកទូលាយ រដ្ឋាភិបាលចិនបានសាងសង់ផ្លូវមួយឱ្យបងប្អូនជនជាតិទូឡុងដើម្បី ងាយស្រួលក្នុងការធ្វើដំណើរ។ ក៏ប៉ុន្តែពេលរដូវរងាដែលមានធ្លាក់ព្រិល កំណាត់ផ្លូវដែលមានរយៈកម្ពស់លើសពី៣០០០ ម៉ែត្រប្រើមិនកើតទេ។ បើចង់ឱ្យការធ្វើចរាចរណ៍ពេញមួយឆ្នាំសុទ្ធតែមានភាពងាយស្រួល ដំណោះស្រាយតែមួយគត់គឺ ជីកផ្លូវរូងកាត់ភ្នំ។ ខែមេសា ឆ្នាំ២០១៤ ផ្លូវរូងភ្នំដែលមានប្រវែង ៧គីឡូម៉ែត្រដែលស្ថិតតំបន់ខ្ពង់រាបមួយនេះបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រវត្តិសាស្ត្ររបស់ជនជាតិមួយបានត្រូវកែប្រែទាំងស្រុង។ ដើម្បីបង្ហាញពីទឹកចិត្តសប្បាយ រីករាយឥតឧបមារបស់ខ្លួន បងប្អូនជនជាតិទូឡុងជាច្រើនរូបបានរួមគ្នាសរសេរសំបុត្រមួយច្បាប់ផ្ញើជូនលោក ស៊ី ជីនភីង មិនជាយូរប៉ុន្មានក៏ទទួលបានសំបុត្រឆ្លើយតបពីលោកដែរ។

ពេលចុះត្រួតពិនិត្យការងារនៅកន្លែងនោះ លោក ស៊ី ជីនភីងបានជួបសំណេះសំណាលជាមួយជនរួមជាតិទូឡុង ហើយលើកឡើងថា៖ ឈ្មោះរបស់ជនជាតិទូឡុង គឺដាក់ឈ្មោះដោយលោកនាយករដ្ឋមន្ត្រី ជូ អិនឡាយ ក្នុងបំណងបង្ហាញថាក្នុងមហាគ្រួសារប្រជាជាតិចិន ជនជាតិទាំង៥៦ ស្មើភាពគ្នាទាំងអស់។ ពិតណាស់ ជនជាតិចំនួន៥៦ នៅទូទាំងប្រទេសចិន មិនថាជនជាតិណាមួយក្តី ក៏រដ្ឋាភិបាលមិនបំភ្លេចចោលឡើយ យើងនឹងសម្រេចការទទួលបានជីវភាពរស់នៅធូរធារ បង្គួរដោយគ្រប់ជ្រុងជ្រោយទាំងអស់គ្នា។ នេះជាការឆ្លុះបញ្ចាំងពីអរិយធម៌ប្រជាជាតិចិនដែលមានប្រវត្តិសាស្ត្រ ៥០០០ឆ្នាំ ក៏បានបង្ហាញក្នុងរបបសង្គមនិយម ប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិនផងដែរ។

អ្នកភូមិយួនគូទុយ ស្រុក វៃយួន ខេត្តកានស៊ូ បាននិយាយថា៖ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវភាពយើងកាន់តែល្អប្រសើរឡើង យើងមានជំនឿចិត្តខ្លាំងចំពោះអនាគត! អ្នកភូមិមកពីភូមិ ដាវ៉ាន់ ស្រុក ជីនចៃ ខេត្តអានហួយ បានរំលឹកថា៖ នាខែមករា ឆ្នាំ២០១៧ ខ្ញុំត្រូវធ្វើការវះកាត់ដើម្បីព្យាបាលជំងឺមហារីកក្រពះ ថ្លៃព្យាបាលសុរបលើសពី ៩៨,៧០០យាន់ រដ្ឋាភិបាលបានជួយចេញ ៨៧,០០០យាន់ ។ អរគុណគោលនយោបាយដ៏ល្អរបស់រដ្ឋាភិបាល។

ដោយឡែក លោក ស៊ី ជីនភីងក៏បានខិតខំជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅតាមភូមិឃុំនានាផងដែរ។ គិតត្រឹមបច្ចុប្បន្ននេះ អត្រាផ្គត់ផ្គង់ថាមពលអគ្គិសនី នៅជនបទចិនបានលើសពី ៩៩% ចំណែកសេវាបណ្តាញអ៊ីនធើណេតបានគ្របដណ្តប់ភូមិក្រីក្រខ្លាំងទាំងអស់។ ពោលគឺ ឥឡូវអ្នកក្រីក្រចិនសុទ្ធតែទទួលបានសេវា ធ្វើដំណើរដ៏ងាយស្រួលបំផុត និងទទួលបានផលប្រយោជន៍សេវាសាធារណៈជាមូលដ្ឋានពីនយោបាយជួយលុបបំបាត់ភាពក្រីក្រ។ នាខែមេសា ឆ្នាំ២០១៩ លោកស៊ី ជីនភីងបានទៅត្រួតពិនិត្យការងារនៅក្រុងឆុងឈីង។ ចុះពីយន្តហោះ លោកបានប្តូរជិះរទេះភ្លើង និងរថយន្តបានចំណាយពេលជាង ៣ម៉ោង ទៅដល់សាលាបឋមសិក្សាមួយដែលស្ថិតនៅតំបន់ភ្នំដាច់ស្រយាល។ កាលនោះលោកបានបញ្ជាក់ថា៖ ការលុបបំបាត់ភាពក្រីក្រ សំខាន់ត្រូវធានាការទទួលបានការអប់រំជាកាតព្វកិច្ច។

គួរបញ្ជាក់ថា បន្ទាប់ពីបានបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ (ឆ្នាំ២០១២) ថវិកាជាតិផ្នែកអប់រំរបស់ចិនសម្រាប់តំបន់ក្រីក្របានកើនឡើងយ៉ាងច្រើន ជាបន្តបន្ទាប់ ដែលបានជួយកែលម្អសាលារៀនចំនួនជាង ១០ ម៉ឺន ៨០០០ ខ្នង ដើម្បីធានាថាដល់ឆ្នាំ២០២០ សិស្សានុសិស្សមកពីគ្រួសារក្រីក្រអាចទទួលបាន សេវាអប់រំល្អដោយយុត្តិធម៌។ «ការទទួលបានជីវភាពធូរធារបង្គួរមិនអាចបោះបង់ចោលនរណាម្នាក់បានទេ»។ លោក ស៊ី ជីនភីងបានចាត់ចែងការងារដោយផ្ទាល់ ប្រជាជនទូទាំងប្រទេសចិនរួមចិត្តរួមថ្លើមដែលបានជំរុញឱ្យបំណងប្រាថ្នាអំពីការ «យកឈ្នះលើភាពក្រីក្រ» របស់ប្រជាជាតិចិនក្លាយទៅជាការពិត៕