(ភ្នំពេញ)៖ ថ្ងៃទី០៧ កុម្ភៈ ២០២១ វ៉ាកសាំងរបស់ក្រុមហ៊ុនចិន ស៊ីណូហ្វាម «Sinopharm» ចំនួន៦០ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា ជាលើកដំបូង ក្រោមជំនួយរបស់រដ្ឋាភិបាលចិន។ ជំនួយដ៏មានតម្លៃថ្លៃថ្លាមិនអាចកាត់ថ្លៃបាននេះ បានធ្វើឱ្យប្រជាជនកម្ពុជាមានក្ដីរំភើប និងមោទនភាពយ៉ាងខ្លាំង ដោយសារតែកម្ពុជាជាប្រទេសដំបូងគេ នៅលើពិភពលោក ដែលទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិន។

នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាជាចំណែកមួយដ៏សំខាន់បំផុតនៅក្នុងបេះដូងរបស់ចិន ដែលក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ ជាមិត្តដែកថែប ជាមិត្តម៉ឺនឆ្នាំ អ្វីៗគឺជាអាទិភាពក្នុងការជ្រោមជ្រែង និងយកចិត្តទុកដាក់បំផុត។ ស្របពេលជាមួយគ្នានោះនៅក្នុងសន្និសីទ សារព័ត៌មាន ថ្ងៃទី០៧ មីនា នាព្រលានយន្តហោះពោធិចិនតុងនោះដែរ ឯកឧត្តមអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន បានមានប្រសាសន៍ថា ចាប់ពីផ្ទុះជំងឺកូវីដ១៩មក រដ្ឋាភិបាលចិននិងរាជរដ្ឋាភិបាលកម្ពុជា បានជួយគ្នាទៅវិញទៅមកដែលប្រៀបដូចជាពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ហើយក្រុមគ្រូពេទ្យចិនក៏បានមកបណ្ដុះបណ្ដាល អំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជាផងដែរ។

ស្របពេលដែល កម្ពុជាកំពុងភ័យព្រួយបារម្ភ និងរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសនៃការទទួលជំនួយវ៉ាក់សាំងកូវីដ១៩ នាពេលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក៏បានបង្ហាញនូវក្ដីរំភើបនិងសាទរយ៉ាងខ្លាំង ជំនួសប្រជាជនកម្ពុជាផងដែរ ដោយសម្ដេចមានប្រសាសន៍បញ្ជាក់ថា ពិភពលោកនេះហាក់កំពុងមានសង្រ្គាមដណ្ដើមវ៉ាក់សាំងកូវីដ១៩ ដោយសារចំនួនវ៉ាក់សាំង ដែលផលិតចេញនៅលើពិភពលោក គឺមានចំនួនតិចជាងតម្រូវការ។

ស្របពេលដែលប្រទេសជាច្រើន មានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំទាន់មានវ៉ាក់សាំងសម្រាប់ឱ្យពួកគេទិញនៅឡើយនោះ ប្រទេសកម្ពុជាបែរជាស្ថិតក្នុងចំណោមប្រទេសមិនច្រើនឡើយ ដែលទទួលបានជំនួយវ៉ាក់សាំងពីចិន តើនោះជាមូលហេតុអ្វី? សម្ដេចបានពន្យល់ថា នោះគឺផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន បើកម្ពុជាគ្មានកិច្ចសហប្រតិបត្តិការល្អជាមួយចិន គឺពុំបានទទួលវ៉ាក់សាំងឡើយ។

ក្នុងនោះដែរ សម្ដេចក៏បានប្រកាសដល់ប្រជាជនកម្ពុជាទាំងអស់ មានទំនុកចិត្តចំពោះវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន និងវាយតម្លៃថា វាមានប្រសិទ្ធិភាពខ្ពស់ ចាប់ពីចន្លោះអាយុ១៨ឆ្នាំដល់៥៩ឆ្នាំ។ ដូច្នេះអាចនិយាយបានថា កម្ពុជាពិតជាប្រទេសដែលមានសំណាងណាស់ ហើយក៏មានមោទនភាពយ៉ាងខ្លាំងណាស់ដែរ ដែលបានទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ពីមហាមិត្តចិន នេះក៏ដោយសារតែកម្ពុជានិងចិនគឺជាមិត្តល្អ ជាមិត្តដ៏ជិតស្និទ្ធ ជាមិត្តដែកថែប ដែលតែងតែជួយជ្រោមជ្រែងគ្នា ទៅវិញទៅមកទាំងផ្នែកស្មារតីនិងសម្ភារៈ។

ជាពិសេសទៅទៀតនោះ នៅក្នុងសន្ដានចិត្តជាមិត្តល្អ កិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាទំនាក់ទំនងល្អនៃទ្វេភាគីរវាងកម្ពុជានិងចិន កម្ពុជាពិតជាមានសំណាងណាស់ ដោយបានទទួលលទ្ធភាព នៃការបញ្ជាទិញវ៉ាក់សាំងចិនចំនួន ១.៥លានដូស ដើម្បីត្រៀមចាក់ជូនប្រជាជនកម្ពុជា ដែលវ៉ាក់សាំងនេះធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនានេះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ចំពោះកាយវិការប្រកបដោយមនុស្សធម៌របស់មិត្តចិននេះ គឺមិនដែលបញ្ឈប់ឡើយ។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ កងទ័ពរំដោះប្រជាជនចិន នឹងបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម ជាលើកទី២បន្ថែមទៀត។ ការផ្ដល់លទ្ធភាពក្នុងការបញ្ជាទិញរបស់កម្ពុជា ក៏ដូចជាការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ទាំងនេះ មកកាន់កម្ពុជា អាចចាត់ទុកថា ជាការប្រោះព្រំកម្ពុជាឱ្យរួចចាកផុត ពីគ្រោះដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះ ដើម្បីឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាមានឱកាស និងពេលវេលាគ្រប់គ្រាន់ សម្រាប់កសាងជីវភាពគ្រួសារ និងអភិវឌ្ឍន៍សង្គមឡើងវិញផងដែរ។
ក្នុងរូបភាពនៃជំនួយវ៉ាក់សាំងកូវីដ១៩នេះ អ្វីដែលជាការមើលឃើញជាក់ស្ដែង គឺថា៖

* វាជាសក្ខីភាពមួយនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏រឹងមាំរវាងប្រទេស និង ប្រជាជននៃប្រទេសទាំងពីរក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍អនាគតរួមគ្នាជាសកល។

* ចិនគឺជាមិត្តពិតប្រាកដ ជាមិត្តដ៏ស្មោះត្រង់ ជាមិត្តដែលមានចិត្តស្រឡាញ់គ្នាដ៏រឹងមាំ ដូចដែកថែបចំពោះកម្ពុជា ដែលទោះបីស្ថិតក្នុង កាលៈទេសៈលំបាកលំបិនយ៉ាងណា គឺចាំបាច់គិតគូរពីកម្ពុជាជាដំបូងគេ សមដូចពាក្យគន្លឹះដែលថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរ តែងតែបានលើកឡើងថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ហើយការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ទាំងពីរលើកនេះ ជាសក្ខីភាពយ៉ាងពិតប្រាកដមិនអាចប្រកែកបាន ដែលបញ្ជាក់ពីសន្ដានចិត្តមិត្ត ដែលមានបេះដូងមហាសមុទ្រ។

* ចិនបានផ្ដោតជាសំខាន់ទៅលើ សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៃបណ្ដាប្រទេសផ្សេងៗ ដែលចិនបានផ្ដល់ជំនួយវ៉ាក់សាំងឱ្យ។ ការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩នេះ យើងអាចចាត់ទុកថាជាកាយវិការ នៃការគោរពសិទ្ធិមនុស្សរបស់ចិន ដែលបានជួយសង្រ្គោះនិងផ្ដល់នូវសិទ្ធិរស់រានមានជីវិត របស់ប្រជាជននៅលើពិភពលោក។

* ចិនបានគិតគូរដល់វិស័យមនុស្សធម៌ជារឿងសំខាន់។ ក្នុងន័យនេះមានន័យថា ចិនបានតម្កល់ការរីកចម្រើនរបស់មនុស្សជាតិ ជាជាងការប្រឹងប្រែងរត់ប្រណាំងសព្វាវុធ ឬរត់ប្រណាំងខាងមនោគមន៍វិជ្ជា។ ក្រៅពីការផ្ដល់ជំនួយមកកាន់ប្រទេសកម្ពុជា ចិនក៏បន្តផ្ដល់ជំនួយដល់បណ្ដាប្រទេសក្រីក្រផ្សេងៗទៀតផងដែរ ដែលកាយវិការនេះបញ្ជាក់ថា ចិនបានគិតគូរដល់ការជួយសង្រ្គោះ និងការរីកចម្រើនរបស់មនុស្សជាតិ។ អាចនិយាយបានថា សុវត្ថិភាពនិងភាពសុខដុមរមនា របស់ប្រជាជននៅក្នុងពិភពលោក គឺជាបំណងប្រាថ្នារបស់ចិន៕

ដោយលោក ប៉ាង រតនា មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា