(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីនបាននិយាយនៅថ្ងៃសុក្រនេះថាកូរ៉េទាំង២ រួមទាំងសហរដ្ឋអាមេរិកគួរតែប្រឹងប្រែងធ្វើយ៉ាងណាអាចបន្ត កិច្ចសន្ទនានឹងគ្នា ជាជាងបង្កបញ្ហាលំបាក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

លោក មូន ចែអ៉ី ធ្វើការកត់សម្គាល់ខាងលើនាឱកាសចូលរួមក្នុងពិធីមួយ នៅឯទីបញ្ជាការកងទ័ពជើងទឹកក្នុងទីក្រុងព្យុងថេក (Pyeongtaek) ស្ថិតនៅចំងាយ ៧០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងសេអ៊ូល។ លោក មូនបានចាត់ទុកថាការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងគឺក្ដីកង្វល់មួយ តែទីក្រុងសេអ៊ូល, ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនមិនគួរបង្កើតបញ្ហារាំងស្ទះដល់កិច្ចចរចានោះទេ។ «បច្ចុប្បន្ន គឺជាពេលដែលកូរ៉េខាងត្បូង កូរ៉េខាងជើង និងសហរដ្ឋអាមេរិកគួរប្រឹងប្រែងបន្ត កិច្ចសន្ទនា...ហើយវាមិនមែនជារឿងល្អឡើយដែលទៅបង្កបញ្ហា ឬឧបសគ្គរាំងស្ទះដល់កិច្ចសន្ទនា»។ នេះជាការគូសបញ្ជាក់របស់លោក មូន ចែអ៉ីន។

គួរបញ្ជាក់ថា កូរ៉េខាងជើងនៅថ្ងៃសុក្រនេះដែរ បានអះអាងថាអាវុធដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះជាប្រភេទគ្រាប់មីស៊ីលបាលីស្ទីក ចង្អុលប្រាប់ទិសស៊េរីថ្មី (new-type tactical guided projectile) ដែលមានសមត្ថភាពអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់រហូតដល់ ២.៥តោន។ ការប្រកាសនេះ បានធ្វើឱ្យប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្ដៅស្លឹកត្រចៀក ជាមួយការព្រមានថាសហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបទៅវិញ ប្រសិនបើកូរ៉េខាងជើង ហ៊ានបង្កើនការធ្វើតេស្តមីស៊ីល៕