(តៃប៉ិ)៖ កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងរបស់ខ្លួន នៅក្រោមការដឹកនាំរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការបង្កើតកងកម្លាំងឆ្មាំសមុទ្រដើម្បីសម្របសម្រួលគោលនយោបាយ ប្រឈមមុខនឹងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារកោះតៃវ៉ាន់ ហើយបានសម្តែងការព្រួយបារម្ភ ម្តងហើយម្តងទៀតអំពីការខិតខំរបស់ចិនក្នុងការដាក់សម្ពាធលើទីក្រុងតៃប៉ិ។

ការិយាល័យរបស់អ្នកតំណាងកោះតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិក លោកស្រី ហ្សាវ បាយគីម (Hsiao Bi-khim) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Hsiao បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោកស្រីបានសង្កត់ធ្ងន់ថា៖ «ក្នុងនាម ជាអ្នកចូលរួមដែលមានការទទួលខុសត្រូវនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កោះតៃវ៉ាន់បានត្រៀមខ្លួន និងមានឆន្ទៈខ្ពស់បំផុតក្នុងធ្វើអ្វីៗបន្ថែមទៀតនៅក្នុងដែនសមុទ្រ ហើយយើងសង្ឃឹមថាជាមួយក្រុមកងកម្លាំងឆ្មាំសមុទ្រថ្មី ភាគីទាំងពីរនឹងបង្កើតភាពជាដៃគូកាន់តែរឹងមាំ និងរួមចំណែកកាន់តែច្រើនថែមទៀត ដើម្បីសេរីភាព ការបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ លោក Sung Kim ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក៏មានវត្តមាននៅក្នុងពិធីចុះហត្ថលេខានេះដែរ៕