(រ៉ង់ហ្គូន)៖ នាថ្ងៃសុក្រនេះ ក្រុមបាតុករនៅតែបន្តការប្រមូលផ្តុំគ្នាតវ៉ា ក្នុងចលនាប្រឆាំងរបបយោធាមីយ៉ាន់ម៉ា ខណៈកាលពីថ្ងៃព្រហស្បតិ៍មានសេចក្តីរាយការណ៍ថា មនុស្សចំនួន ០៩នាក់ទៀត ទើបត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

បាតុកម្មនៅមីយ៉ាន់ម៉ាបានមានស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងតែពីយោធាបានឡើងកាន់អំណាច ក្រោយទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់ លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ។ យោងតាមក្រុមឃ្លាំងមើលសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់ មនុស្សជាង ៣០០នាក់ហើយត្រូវបានសម្លាប់ ក្នុងការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ ទៅលើក្រុមបាតុករ។ ក្នុងនោះជិត ៩០ភាគរយ បានស្លាប់ដោយសារតែគ្រាប់កាំភ្លើង ហើយមួយភាគបួនក្នុងចំណោមនោះទៀតសោត គឺត្រូវគ្រាប់កាំភ្លើងបាញ់ចំក្បាលតែម្តង។

បើតាមការអះអាងរបស់អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា តាំងពីតែពីដើមសប្តាហ៍នេះ ក្រុមបាតុករ ១៦៤នាក់ និងសមាជិកកងកម្លាំងសន្តិសុខ ០៩នាក់ បានបាត់បង់ជីវិត គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។ ការបាត់បង់អាយុជីវិតមនុស្សជាច្រើននាក់នេះ ក្នុងការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ា បានបណ្តាលឲ្យប្រទេសមួយចំនួន ប្រកាសដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា។ ដោយឡែក យោធាមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនមិនបានប្រព្រឹត្តហួសហេតុឡើយ ដោយទង្វើនានាកន្លងមកនេះ គឺស្របតាមបទដ្ឋានអន្តរជាតិ នៅចំពោះមុខស្ថានការណ៍ដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ ដោយក្រុមបាតុករបានដុតបញ្ឆេះអំពើហិង្សាមុន៕