(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា លោកនឹងរារាំងមិនឲ្យចិនអាចដណ្តើមតំណែងជា កំពូលមហាអំណាចលេខ ១ លើពិភពលោករបស់សហរដ្ឋអាមេរិកបានឡើយ ជាមួយការប្តេជ្ញាបណ្តាក់ទុនឲ្យខ្លាំងបំផុត ដើម្បីធានាថាអាមេរិកនៅតែនាំមុខចិន ក្នុងការប្រកួតប្រជែងរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២១។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មានក្នុងសេតវិមាន លោកប្រធានាធិបតីអាមេរិកបានលើកឡើងដូច្នេះថា «ចិនមានគោលដៅធំមួយ គឺក្លាយជាប្រទេសនាំមុខគេបង្អស់លើពិភពលោក... ជាប្រទេសដែលសេដ្ឋកិច្ច និងអានុភាពខ្លាំងបំផុតលើផែនដី។ ប៉ុន្តែមហិច្ឆតានេះមិនអាចទៅរួចឡើយ អំឡុងអាណត្តិរបស់ខ្ញុំ ព្រោះសហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនទៅមុខយ៉ាងស្វាហាប់»

លោក ចូល បៃដិន ដែលគ្រោងនឹងបង្ហាញសំណើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ទំហំខ្ទង់ទ្រីលានដុល្លារ នៅសប្តាហ៍ខាងមុខបានបញ្ជាក់ថា លោកនឹងធានាបង្កើនការវិនិយោគឲ្យកាន់តែខ្លាំង ក្នុងវិស័យបច្ចេកវិទ្យាថ្មីៗដូចជា កុំព្យូទ័រក្វាន់ធឹម (quantum computing), បញ្ញាសិប្បនិមិត្ត (AI) និងជីវបច្ចេកវិទ្យាជាដើម។

ដោយឡែកនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ព័ត៌មានអាមេរិក CNN ឯកអគ្គរដ្ឋទូតចិនប្រចាំវ៉ាស៉ីនតោន លោក គុយ ធានកៃ (Cui Tiankai) បាននិយាយថា គោលដៅរបស់ប្រទេសចិន គឺមិនមែនទៅប្រកួតប្រជែងយកឈ្នះចាញ់ ឬដណ្តើមតំណែងប្រទេសណាមួយនោះទេ... វាមិនដែលជាយុទ្ធសាស្រ្តជាតិរបស់យើងឡើយ។ លោក Cui បានបន្តថា ការព្យាយាមបំបែកពិភពលោក និងបង្កើតបក្ខពួក នឹងមិនអាចជួយដោះស្រាយបញ្ហាធំៗ ដែលពួកយើងកំពុងប្រឈមបានទេ។

ការជជែកដេញដោលអំពីថាតើនរណា នឹងត្រូវឡើងទៅរកលេខ ១ នៅថ្ងៃអនាគតខាងមុននេះ បានកើតមានឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងអាណត្តិដឹកនាំរបស់ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ការជជែកដេញដោលនេះ បានវិវឌ្ឍន៍កាន់តែក្តៅគគុក នៅពេលដែលស្ថាប័នល្បីឈ្មោះមួយចំនួននៅពិភពលោក ជាពិសេសនៅចក្រភពអង់គ្លេស កាលពីដើមឆ្នាំ២០២១នេះបានព្យាករណ៍ថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចលេខ ១ លើលោកក្នុងរយៈពេល ១០ឆ្នាំទៀត៕