(វ៉ាស៊ីតនតោន)៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនសម្ព័ន្ធដ៏ធំចំនួន២ ដែលគ្រប់គ្រង ដោយយោធាមីយ៉ាន់ម៉ា ជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ និងការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយថាខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនសម្ព័ន្ធមីយ៉ាន់ម៉ាចំនួន២ គឺក្រុមហ៊ុន Holdings Public Company Ltd (MEHL) និងក្រុមហ៊ុន Myanmar Economic Corporation Ltd (MEC) ដែលជាប្រភពរកប្រាក់ចំណូលដ៏សំខាន់របស់ យោធាមីយ៉ាន់ម៉ា។ ចំណែកឯ ចក្រភពអង់គ្លេសវិញ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន MEHL ដោយអះអាងថាជាការឆ្លើយតបការរំលោភពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ពីសំណាក់យោធាមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា តាមរយៈការប្រកាសដាក់ទណ្ឌកម្មខាងលើ សហរដ្ឋអាមេរិកក៏បានហាមឃាត់ក្រុមហ៊ុន ឬពលរដ្ឋអាមេរិកទាំងអស់មិនឱ្យរកស៊ី ឬក៏ចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនទាំង២ខាងលើនោះទេ ខណៈការដាក់ក្រុមហ៊ុនសម្ព័ន្ធមីយ៉ាន់ម៉ាទាំង២ចូលក្នុងបញ្ជីខ្មៅ គឺមានន័យថាពួកគេត្រូវបានដកចេញពីប្រព័ន្ធធនាគារ អាមេរិក៕