(អាឡាបាម៉ា)៖ ព្យុះកួចដ៏កំណាចថូណាដូ (Tornadoes) ដែលបានបោកបក់ឆ្លងកាត់ភាគខាងជើងរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ០៥នាក់ និងរាប់សិបនាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

អាជ្ញាធរប្រចាំតំបន់ខាងលើ បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន ប៊ឺមីងហាំញួស (Birmingham News) ថា មនុស្សពេញវ័យចំនួន ០៤នាក់បានស្លាប់នៅក្នុងក្រុង អូហាត់ឈី (Ohatchee) ក្នុងនោះមាន ០៣នាក់មកពីគ្រួសារតែមួយ និងមនុស្សពេញវ័យម្នាក់ទៀត បានស្លាប់នៅក្នុងក្រុង វែលលីងតុន (Wellington) ដែលទាំងពីរក្រុងនេះ ស្ថិតនៅតំបន់ ខាលហួន (Calhoun) នៃរដ្ឋ Alabama ហើយគ្មាននរណាម្នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ។

គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នក ដែលអ្នកបាត់ខ្លួន និងអ្នករងរបួសបន្ថែមទៀត ដោយសារព្យុះកួចដ៏កំណាចដែលបានបោកបក់ឆ្លងកាត់រដ្ឋ Alabama ស្ថិតនៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕