(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៧,០៤៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,១៦៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,៧៧៤,០៣៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៥៩,៧៤៤នាក់ និងជាសះស្បើយឡើងសរុប ២៣,១៩៦,២០៩នាក់។

គួរបញ្ជាក់តាមប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា លោកកំពុងកំណត់គោលដៅថ្មី ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២០០លានដូសនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។

គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ១៣០លានដូសហើយ ក្នុងនោះរួមមានប្រជាជនប្រមាណ ៨៥លាននាក់ បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូង ខណៈប្រជាជនប្រមាណ ៤៥លាននាក់ទៀត បានទទួលការចាក់វ៉ាក់សាំងពេញលេញតែម្ដង៕