(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាជើង KCNA ត្រូវបានដកស្រង់ការផ្សាយ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះថា អាវុធដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺជាប្រភេទគ្រាប់មីស៊ីលបាលីស្ទីកចង្អុលប្រាប់ទិសស៊េរីថ្មី (new-type tactical guided projectile) ដែលមានសមត្ថភាពអាច ពាំក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់រហូតដល់ ២.៥តោន ខណៈសហរដ្ឋអាមេរិក ទើបតែបានធ្វើការព្រមាន ចំពោះសកម្មភាពនេះ។

ការធ្វើតេស្តប្រភេទមីស៊ីលផ្លោង ដែលមានសមត្ថភាពអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរខាងលើ គឺជាលើកដំបូងហើយក្នុងរយៈពេលជិត ១ឆ្នាំមកនេះ ស្ថិតនៅចំពោះមុខភាពជាប់គាំង នៃកិច្ចសន្ទនានុយក្លេអ៊ែររវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ខណៈរដ្ឋបាលលោក ចូ បៃដិន បច្ចុប្បន្ននេះ ហាក់កំពុងដុតកំហឹងទីក្រុងព្យុងយ៉ាងកាន់តែខ្លាំងឡើង តាមរយៈការរៀបចំធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងការស្នើសុំធ្វើបត្យាប័ន ជនជាតិកូរ៉េខាងជើងម្នាក់ពីម៉ាឡេស៊ី ទៅកាន់សហរដ្ឋអាមេរិកបានសម្រេច កាលពីដើមសប្តាហ៍នេះផងដែរ។

ជុំវិញការធ្វើតេស្តខាងលើ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបទៅវិញ ប្រសិនបើកូរ៉េខាងជើង បង្កើនការធ្វើតេស្តមីស៊ីល។ យើងកំពុងតែពិគ្រោះយោបល់ ជាមួយបណ្តាដៃគូ និងសម្ព័ន្ធមិត្តរបស់យើង។ យើងនឹងធ្វើការឆ្លើយតបយ៉ាងច្បាស់លាស់ ប្រសិនបើពួកគេជ្រើសរើស បង្កើនការធ្វើតេស្តនោះ...»

គួរបញ្ជាក់តាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) ធ្លាប់បានប្រាប់អ្នកសារព័ត៌មាននានាថា សហរដ្ឋអាមេរិកអាចបើកកិច្ចចរចាការទូត ជាមួយប្រទេសកូរ៉េខាងជើងទៅបាន លុះត្រាណាតែប្រទេសនេះ រំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុង។ សម្រាប់ការបាញ់សាកល្បងមីស៊ីលបាលីស្ទីកពីរគ្រាប់ ធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើតេស្តចំពោះរដ្ឋបាលលោក ចូ បៃដិន ថាតើនឹងមានចំណាត់ការតបវិញបែបណា៕