(អាមេរិក)៖ ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា ការធ្វើតេស្តវ៉ាក់សាំងបង្ការ COVID-19 លើកដំបូងទៅលើក្មេងៗ បានចាប់ផ្តើមប្រព្រឹត្តទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

ការសិក្សា និងធ្វើតេស្តជាសកលខាងលើនេះ មានការចូលរួមពីក្មេងៗសរុប ១៤៤នាក់ ដែលត្រូវបានចាត់ទៅតាមក្រុមអាយុដូចជា ៦ខែ-២ឆ្នាំ, ២ឆ្នាំ-៥ឆ្នាំ និង ៥ឆ្នាំ-១១ឆ្នាំ។ ដំណើរការនៃការធ្វើតេស្តស្រដៀងគ្នានេះ ក៏កំពុងត្រូវបានធ្វើឡើង ដោយក្រុមហ៊ុន Moderna, Johnson & Johnson និងក្រុមហ៊ុនមួយចំនួនទៀតផងដែរ ដើម្បីកំណត់ថាតើវ៉ាក់សាំងក្នុងកម្រិតណា ដែលនឹងត្រូវផ្តល់ជូនក្មេងៗងាយរងគ្រោះបំផុត ឬអាចចម្លងជំងឺ COVID-19 នេះទៅអ្នកដទៃទៀត។

នៅក្នុងការធ្វើតេស្តដំណាក់កាលទី ១ កម្រិតដូសនៃវ៉ាក់សាំងដែលត្រូវចាក់ជូនក្មេងៗ ត្រូវបានបែងចែកជាបីនោះគឺ ១០មីក្រូក្រាម, ២០មីក្រូក្រាម និង ៣០មីក្រូក្រាម សម្រាប់ចាក់ជូនក្មេងៗទៅតាមកម្រិតអាយុ ដែលបានបែងចែកដូចខាងលើ។ កន្លងមកនេះមនុស្សមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ បានតម្រូវឲ្យទទួលវ៉ាក់សាំងបង្ការ COVID-19 សរុបចំនួនពីរដូស ដែលមានកម្រិត ៣០មីក្រូក្រាម និងតម្រូវឲ្យចាក់ម្តងមួយដូស ក្នុងគម្លាតបីសប្តាហ៍ពីគ្នា។

បើតាមក្រុមហ៊ុន Pfizer-BioNtech លទ្ធផលបានមកពីការធ្វើតេស្ត ដំណាក់កាលទី១ (Phase 1) នឹងអាចក្រុមជំនាញធ្វើការកំណត់ អំពីកម្រិតដូសដែលនឹងត្រូវប្រើ សម្រាប់ដំណាក់កាលធ្វើតេស្តបន្ទាប់។ នៅក្នុងដំណាក់កាលទី ២ និងទី ៣ គឺជាការសិក្សាថា តើវ៉ាក់សាំងនេះអាចជំរុញប្រព័ន្ធភាពសុំាបានដែរឬទេ និងថាតើកម្រិតដូសមួយណា ដែលមានប្រសិទ្ធភាពសម្រាប់អាយុនីមួយៗ ព្រមទាំងការពិនិត្យលើផលប៉ះពាល់របស់ពួកវាផងដែរ។

បើតាមក្រុមហុន Pfizer សម្រាប់ការធ្វើតេស្តដំណាក់កាលផ្សេងទៀត គឺជាការរៀបចំឡើងដោយពេទ្យកុមារ ដែលនឹងត្រូវចូលរួមដោយក្មេងៗសរុប ៤,៥០០នាក់ នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ការធ្វើតេស្តនេះគឺតម្រូវឲ្យមាន ការជ្រើសរើសរវាងវិធីសាស្ត្រដូចជា ការចាក់វ៉ាក់សាំង Pfizer-BionNTech ឬក៏ការប្រើថ្នាំជំរុញប្រព័ន្ធភាពសុំារាងកាយ ដែលមានផលប៉ះពាល់តិចតួច ជាងការចាក់វ៉ាក់សាំង។ ក្រុមហ៊ុន Pfizer បានអះអាងថា សម្រាប់ក្មេងៗដែលទទួលបាន ការចាក់វ៉ាក់សាំងសាកល្បង នោះនឹងត្រូវទទួលការតាមដានក្នុងអំឡុងពេល៦ខែ ខណៈក្រុមក្មេងៗមានអាយុចន្លោះពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ នឹងត្រូវធ្វើតេស្តក្នុងពេលបន្តបន្ទាប់ទៀត៕