(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying នៅថ្ងៃព្រហស្បតិ៍នេះបានបដិសេធចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយយោធានៅសមុទ្រចិនខាងត្បូង និងការធ្វើឲ្យអន្តរាយដល់ប្រព័ន្ធអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

ឆ្លើយតបទៅនឹងសុន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងការបរទេសរអាមេរិកលោក Antony Blinken ដែលបានលើកឡើងនៅឯទីស្នាក់ការកណ្តាល នៃអង្គការ NATO ក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃពុធសប្តាហ៍នេះ លោកស្រី Hua បានប្រាប់សន្និសីទសារព័ត៌មានថា «ការធ្វើយោធានីយកម្មនៅសមុទ្រចិនខាងត្បូង មិនគួរណាត្រូវបានគេភ្ជាប់មកលើប្រទេសចិនតែមួយឡើយ»

ចិនមិនមែនជាប្រទេសទីមួយ ដែលចាប់ផ្តើមសាងសង់ឬពង្រាយសព្វាវុធចាំបាច់នៅក្នុងសមុទ្រចិនខាងត្បូងឡើយ ហើយក៏មិនមែនជាប្រទេសដែលដាក់ពង្រាយអាវុធច្រើនជាងគេដែរ។ នេះជាការគូសបញ្ជាក់របស់លោកស្រី ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនអាចប្រើប្រាស់អ្វីដែលហៅថា ការធ្វើយោធានិយមដើម្បីដកហូតសិទ្ធិរបស់ចិន ក្នុងការការពារទឹកដីរបស់ខ្លួនឡើយ។

អ្នកនាំពាក្យរូបនេះបាននិយាយថា សហរដ្ឋអាមេរិកទើបជាអ្នកពង្រាយយោធានៅតំបន់សមុទ្យចិនខាងត្បូងយ៉ាងពិតប្រាកដ ហើយបានគំរាមកំហែងដល់សេរីភាពនាវាចរណ៍។ ប្រទេសនេះមានចម្ងាយជាង ៨,៣០០ម៉ាយពីសមុទ្រចិនខាងត្បូង បានសាងសង់មូលដ្ឋានយោធាជាច្រើនកន្លែងបំពាក់ដោយអាវុធទំនើបៗនៅជុំវិញតំបន់។ មិនតែប៉ុណ្ណោះថែមទាំង បានបញ្ជូននាវាដឹកយន្តហោះ ក៏ដូចជាយន្តហោះចម្បាំងទៅកាន់តំបន់នោះជាញឹកញាប់។

 គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថារបស់លោក Blinken ដែលបានលើកឡើងនៅឯទីស្នាក់ការកណ្តាល នៃអង្គការ NATO ក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃពុធសប្តាហ៍នេះបានសង្កត់ធ្ងន់ថា ប្រទេសចិនបានគំរាមកំហែងដល់សន្តិសុខរបស់អង្គការ NATO និងបានអំពាវនាវឲ្យមានវិធីសាស្រ្តរួមគ្នា ដើម្បីប្រឈមមុខជាមួយប្រទេសចិន ខណៈដែលប្រទេសនេះ «ធ្វើឲ្យខូចសណ្តាប់ធ្នាប់អន្តរជាតិ» និងគុណតម្លៃរួមរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន៕