(ម៉ូស្គូ)៖ មជ្ឈមណ្ឌលស្រាវជ្រាវ ជូម៉ាកូវ (Chumakov) នៃប្រទេសរុស្ស៉ី បានចាប់ផ្តើមជាផ្លូវការហើយនូវ ដំណើរការផលិតវ៉ាក់សាំងទី០៣ របស់រុស្ស៉ី សម្រាប់បង្ការជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្រ្តីវិទ្យាសាស្រ្តរុស្ស៉ី លោក វ៉ាឡឺរី វ៉ាលកូវ (Valery Falkov) បានប្រកាសពីដំណឹងខាងលើ នៅថ្ងៃព្រហស្បតិ៍នេះ។ បើតាមលោក Falkov វ៉ាក់សាំង COVID-19 ទី០៣ របស់់ប្រទេសរុស្ស៉ីនេះ មានឈ្មោះថា ខូវីវ៉ាក់ (CoviVac)។ ក្រៅពីនេះ លោករដ្ឋមន្រ្តីវិទ្យាសាស្រ្តរុស្ស៉ី ក៏បានឲ្យដឹងដែរថា រុស្ស៉ីគ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ឲ្យបានជិត៩០លានដូស នៅត្រឹមខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះ រួមមាន៨៣លានដូសនៃវ៉ាក់សាំង Sputnik V និង៥.៤លានដូសនៃវ៉ាក់សាំង EpiVacCorona។

គួរបញ្ជាក់ថា វ៉ាក់សាំង CoviVac ត្រូវបានចុះបញ្ជីកាលពីខែកុម្ភៈកន្លងទៅ និងក្លាយជាវ៉ាក់សាំងកូវីដ-១៩ ទី០៣ របស់ប្រទេសរុស្ស៉ី បន្ទាប់ពី វ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីមួយ និងវ៉ាក់សាំង EpiVacCorona ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីពីរ។ បច្ចុប្បន្នវ៉ាក់សាំង CoviVac នេះ ត្រូវបានអ្នកជំនាញរុស្ស៉ីណែនាំឲ្យប្រើសម្រាប់អ្នកនៅក្រុមអាយុចាប់ពី១៨ឆ្នាំ ដល់៦០ឆ្នាំ៕