(ញូដេលី)៖ អង្គការសម្ព័ន្ធវ៉ាក់សាំង Gavi បាននិយាយថាកម្មវិធី Covax ដែលមានគោលបំណងផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្ដាប្រទេសក្រីក្រកំពុងប្រឈមមុខនឹងបញ្ហារាំងស្ទះ បន្ទាប់ពីឥណ្ឌាបានសម្រេចចិត្តផ្អាកការនាំចេញវ៉ាក់សាំង AstraZeneca ផលិតដោយវិទ្យាសា្ថន Serum (SII) ដើម្បីបំពេញតម្រូវការវ៉ាក់សាំងនៅក្នុងស្រុក ខណៈស្ថានការណ៍ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះហាក់ដូចជាមិនធូរស្រាលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

ការសម្ដែងក្ដីព្រួយបារម្ភរបស់អង្គការសម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាដៃគូដឹកនាំកម្មវិធី Covax ជាមួយអង្គការសុខភាពពិភពលោក WHO កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា ត្រូវបានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថាបានសម្រេចចិត្តពន្យារពេលការផ្ដល់អាជ្ញាបណ្ណនាំចេញវ៉ាក់សាំង COVID-19 ផលិតដោយវិទ្យាស្ថាន SII ដែលដំបូងឡើយគ្រោងនឹងនាំចេញទៅក្រៅប្រទេស ក្នុងខែមីនា និងខែមេសាខាងមុខនេះ។ Gavi បានលើកឡើងថាការសម្រេចចិត្តបែបនេះរបស់ឥណ្ឌាបាននិងកំពុងបង្កការរាំងស្ទះដល់ការផ្គត់ផ្គង់ វ៉ាក់សាំងតាមរយៈកម្មវិធី Covax សម្រាប់បណ្ដាប្រទេសក្រីក្រី ឬប្រទេសមានប្រាក់ចំណូលទាបជាង៦៤ប្រទេស។ ប៉ុន្តែ ភ្លាមៗគេមិនទាន់ដឹងថាការសម្រេចចិត្តរបស់ឥណ្ឌានឹង ប៉ះពាល់ដល់ការផ្គត់ផ្គង់វ៉ាក់សាំងប៉ុន្មានលានដូសនោះទេ។

គួរបញ្ជាក់ថា Covax មកទល់នឹងបច្ចុប្បន្នទទួលបានវ៉ាក់សាំង AstraZeneca ១៧.៧លានដូសពីវិទ្យាស្ថាន SII សម្រាប់ការផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្រីក្រដែលកំពុងរំពឹងថា នឹងទទួលបានវ៉ាក់សាំងក្នុងពេលឆាប់ៗនេះ ដើម្បីចាក់ជូនប្រជាជនរបស់ពួកគេ។ ប្រទេសមួយចំនួនដែលនឹងត្រូវទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី Covax នៅសប្ដាហ៍ក្រោយ នេះ រួមមានស៊ូដង់ខាងត្បូង, មូរីតានី, អ៉ីរ៉ាក់, Bosnia and Herzegovina, និងយេមែន ដែលទីដែលការប្រកាសអាសន្នផ្នែកសុខាភិបាលត្រូវបានដាក់ចេញដោយសាររលកទី២ COVID-19៕