(តែលអាវីវ)៖ ប្រភពពីមន្រ្តីសុខាភិបាលអ៉ីស្រាអែល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុប នៅក្នុងប្រទេសអ៉ីស្រាអែល គឺទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ ០២ដូសរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

ក្នុងសេចក្តីថ្លែងការណ៍ប្រកាសពីដំណឹងខាងលើ រដ្ឋមន្រ្តីសុខាភិបាលអ៉ីស្រាអែល លោក យូលី អេឌែលស្ទែន (Yuli Edelstein) បាននិយាយថា ក្នុងចំណោមប្រជាជនអ៉ីស្រាអែលសរុបជាង ៩លាននាក់ ច្រើនជាងពាក់កណ្តាលទទួលបានការចាក់វ៉ាក់សាំង COVID-19 គ្រប់ ០២ដូស។ ទោះជាបែបនេះក្តី លោក Edelstein បានអំពាវនាវឲ្យប្រជាពលរដ្ឋ «កុំធ្វេសប្រហែសដាច់ខាត» ដោយត្រូវអនុវត្តជាប់ជានិច្ចនូវ គោលការណ៍ណែនាំផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ឲ្យការរាតត្បាតនៃជំងឺ COVID-19 អាចស្ទុះឡើងខ្លាំងជាថ្មីបាន។

គួរបញ្ជាក់ថា បច្ចុប្បន្នអ៉ីស្រាអែលហាក់កំពុងក្លាយជាប្រទេស នាំមុខគេលើពិភពលោក បើប្រៀបធៀបលើភាគរយ នៃប្រជាជនសរុបក្នុងប្រទេសនីមួយៗ ដែលត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះ បានចាប់ផ្តើមនៅអ៉ីស្រាអែល កាលពីខែធ្នូ ឆ្នាំ២០២០ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អ៊ីស្រាអែលមានករណីឆ្លង COVID-19 សរុបជាង ៨៣០,០០០ករណី ក្នុងនោះស្លាប់ ៦,១៥៧នាក់ និងជាសះស្បើយវិញជាង ៨១១,០០០នាក់៕