(វ៉ាស៊ីនតោន)៖ លោកឧត្តមនាវីឯក ចន អាឃ្វីលីណូ (John Aquilino) ដែលត្រូវបានលោកប្រធានាធិបតី ចូ បៃដិន តែងតាំងជាមេបញ្ជាការនៃទីបញ្ជាការយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅក្នុងសប្ដាហ៍នេះបាននិយាយថាចិននឹងមានសមត្ថភាពវាយយកកោះតៃវ៉ាន់ក្នុងពេលអនាគតដ៏ខ្លីលឿនជាងការរំពឹងទុក និងការព្យាករនានា ពេលបច្ចុប្បន្ន។

លោក Aquilino មិនបានបញ្ជាក់ ឬក៏ព្យាករពីផែនការរបស់ចិននោះទេ តែការព្រមានរបស់លោកគឺផ្ទុយពីការលើកឡើងរបស់លោកឧត្តមនាវីឯក ហ្វីលីព ដាវីដសុន (Philip Davidson) មេបញ្ជាការនៃទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជិតផុតអាណត្តិ ដែលបានព្រមានកាលពីខែកម្ភៈកន្លងទៅថាចិនអាចនឹងប្រើប្រាស់កម្លាំង យោធាវាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ ខណៈចិនកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនដើម្បីដណ្ដើមតំណែងជាមហាអំណាចយោធានៅក្នុងតំបន់អាស៊ីពីសហរដ្ឋអាមេរិក នៅឆ្នាំ២០៥០។

និយាយពីកម្លាំងយោធា កុំថាឡើយតៃវ៉ាន់ សូម្បីតែសហរដ្ឋអាមេរិកក៏ញញើតនឹងចិនតិចតួចដែរ។ ចិនត្រូវបានគេរាយការណ៍ថាបានចំណាយកញ្ចប់ថវិកាយោធាក្នុងមួយឆ្នាំៗ ជាង២៥០ពាន់លានដុល្លារ បើធៀបជាមួយតៃវ៉ាន់មានត្រឹមតែ១១ពាន់លានដុល្លារតែប៉ុណ្ណោះ ហើយបើប្រៀបពីកម្លាំងយោធាវិញ គឺកងទ័ពចិនខ្លាំងជាងកងទ័ពតៃវ៉ាន់ដល់ទៅ ១២ដងឯណោះ។ តែទោះជាបែបនេះក្ដី ចិននៅតែបារម្ភដដែលក្នុងការប្រើប្រាស់កម្លាំងយោធាលើកោះតៃវ៉ាន់។ បារម្ភនេះគឺមិនមែនបារម្ភថាវាយមិនឈ្នះតៃវ៉ាន់នោះទេ តែគឺបារម្ភពីសហរដ្ឋអាមេរិកដែលត្រូវបានគេជឿជាក់ថានឹងមិនឱបដៃឈរមើលចិនវាយយកទីក្រុងតៃប៉ិជាដាច់ខាត។

*ចិននៅតែស្ទាក់ស្ទើរ

នៅចំពោះមុខគណៈកម្មាធិការសេវាកម្មអាវុធនៃព្រឹទ្ធសភាអាមេរិក លោក John Aquilino មិនបានបញ្ជាក់ ឬក៏ព្យាករថាតើចិននឹងប្រើកម្លាំងយោធាប្រឆាំងតៃវ៉ាន់ នៅពេល ណានោះទេ។ តែលោកបានដិសេធមិនអត្ថាធិប្បាយអ្វីឡើយ ជុំវិញការលើកឡើងរបស់សមាជិកព្រឹទ្ធសភាលោក ថម ខូតថុន (Tom Cotton) ដែលថាទីក្រុងប៉េកាំងអាចនឹង ប្រើប្រាស់កម្លាំងយោធាលើកោះតៃវ៉ាន់នៅឆ្នាំក្រោយនេះ។ លោក Tom Cotton លើកឡើងបែបនេះដោយយករុស្ស៊ីមកធ្វើជាឧទាហរណ៍។ កាលពីឆ្នាំ២០១៤ ទីក្រុងម៉ូស្គូ បានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទទួលរៀបចំកីឡាអូឡាំពិករដូវរងា។

ចិននឹងត្រូវទទួលរៀបចំកីឡាអូឡាំពិករដូវរងា នៅខែកុម្ភៈ ឆ្នាំ២០២២ ជាពេលដែលចិនត្រូវបង្ហាញពីភាពរីកចម្រើនរបស់ខ្លួនទៅកាន់ពិភពលោក និងទាក់ទាញវិយោគគិន បរទេស មិនមែនជាពេលត្រូវធ្វើសង្រ្គាមឡើយ។ ចំណែកឯនៅខែតុលា ឆ្នាំ២០២២ គណបក្សកុម្មុយនិស្ដចិននឹងត្រូវរៀបចំសមាជបក្សលើកទី២០ ជាពេលដែលលោក ស៊ី ជិនពីង ស្វះស្វែងបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិនសម្រាប់អាណត្តិទី៣។ ដូច្នេះនៅឆ្នាំ២០២២ វាពិបាកស្រម៉ៃខ្លាំងណាស់ថាលោក ស៊ី នឹងចាប់ផ្ដើមសង្រ្គាមជាមួយតៃវ៉ាន់ ពីព្រោះវានឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចចិន ឬបង្កជាវិបត្តិនយោបាយប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកតែប៉ុណ្ណោះ។

បើតាមអ្នកវិភាគយោធាភាគច្រើន ចិននឹងមិនប្រើប្រាស់កម្លាំងយោធាឡើយ ដរាបណាមិនមានការបង្ករឿងធំដុំណាមួយពីសំណាក់កោះតៃវ៉ាន់។ ជាក់ស្ដែងថ្នាក់ដឹកនាំចិន តែងតែព្រមានជារឿយៗថានឹងវាយយកកោះតៃវ៉ាន់ភ្លាមៗ បើសិនជារដ្ឋាភិបាលទីក្រុងតៃប៉ិកហ៊ានប្រកាសឯករាជ្យ ឬក៏មានកម្លាំងខាងក្រៅណាមួយ ព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន។

លោក គុយ ឡី (Cui Lei) ជាអ្នកវិភាគចិនម្នាក់មកពីវិទ្យាស្ថានចិនទំនាក់ទំនងអន្តរជាតិ (China Institute of International Relations) បានកត់សម្គាល់ថាជាការពិតណាស់ ថ្នាក់ដឹកនាំចិនប្រកាន់ជំហរតឹងរឹងចំពោះចិន តែមិនមែនមានបំណងចង់ប្រើប្រាស់កម្លាំងយោធាវាយប្រហារលើកោះតៃវ៉ាន់ក្នុងអនាគតដ៏ខ្លីខាងមុខទេ។ លោកពន្យល់ទៀតថា ចិននៅតែស្ទាក់ស្ទើប្រើកម្លាំងយោធា ដ្បិតថ្នាក់ដឹកនាំចិនដឹងយ៉ាងច្បាស់ថាប្រជាជនតៃវ៉ាន់ប្រាកដជានឹងមិនចុះចាញ់ដោយមិនបានច្បាំងតទល់ជាមួយចិននោះទេ ហើយសហរដ្ឋអាមេរិកក៏មុខជានឹងចូលជួយតៃវ៉ាន់ដែរ ដោយសារតែខ្លាចបាត់បង់តំណែងជាភាពជាមេដឹកនាំរបស់ខ្លួននៅក្នុងតំបន់។ ម្យ៉ាងវិញទៀត បើចិនប្រើប្រាស់កម្លាំង យោធាមែន ទីក្រុងប៉េកាំងក៏មែនប្រឈមមុខនឹងសហរដ្ឋអាមេរិកតែមួយគត់នោះដែរដោយទីក្រុងវ៉ាស៊ីនតោននឹងបញ្ចុះបញ្ចូលឱ្យសម្ព័ន្ធមិត្តដូចជាអូស្រ្ដាលី នូវែលសេឡង់ ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី, វៀតណាម រួមទាំងសម្ព័ន្ធមិត្ត NATO ជាដើមដើម្បីបង្កើតបក្សសម្ព័ន្ធមួយប្រឆាំងនឹងចិន។

ចិនត្រូវប្រើពេលពង្រឹងសមត្ថភាពយោធា និងបង្កើនចំនួនមូលដ្ឋានទ័ពនៅបរទេស ដើម្បីអាចប្រជែងជាមួយសហរដ្ឋអាមេរិកជាមុនសិន មុននឹងសម្រេចចិត្តថាវាយយកតៃវ៉ាន់ មកគ្រប់គ្រង។ ត្រង់នេះគឺដូចគ្នាទៅនឹងការលើកឡើងរបស់លោក Philip Davidson ដែលព្យាករថាចិនកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនដើម្បីដណ្ដើមតំណែង ជាមហាអំណាចយោធានៅក្នុងតំបន់អាស៊ីពីសហរដ្ឋអាមេរិកនៅឆ្នាំ២០៥០។ ដូច្នេះគេប្រហែលជាត្រូវរង់ចាំមើលរហូតដល់ឆ្នាំ២០៥០ក៏ថាបាន ថាតើចិនអាចនឹងផ្ដួលអាមេរិក បានដែរឬទេ ទើបគេអាចដឹងពីជោគវាសនារបស់តៃវ៉ាន់កាន់តែច្បាស់៕

ប្រភព៖ Foreign Policy, Nikkei (ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១)