(តៃវ៉ាន់)៖ មន្រ្តីជាន់ខ្ពស់តៃវ៉ាន់មួយរូបនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា តៃវ៉ាន់បានចាប់ផ្តើមហើយនូវការផលិតទ្រង់ទ្រាយធំ នៃមីស៉ីលដែលមានលទ្ធភាពហោះបានចម្ងាយឆ្ងាយ ខណៈវាជាការប្រកាសកម្រមួយរបស់តៃវ៉ាន់ ស្តីពីការអភិវឌ្ឍសព្វាវុធសម្រាប់វាយប្រហារ នៅចំពោះមុខការរងសម្ពាធកាន់តែខ្លាំងឡើងពីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

មន្រ្តីជាន់ខ្ពស់តៃវ៉ាន់ លោក Leng Chin-hsu នាយករងនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍសព្វាវុធ Chung-Shan របស់រដ្ឋាភិបាលតៃវ៉ាន់ បានថ្លែងក្នុងសភាតៃវ៉ាន់ថា មីស៉ីលរយៈចម្ងាយឆ្ងាយមួយប្រភេទ ដែលសម្រាប់បាញ់ចេញពីដីគោក គឺត្រូវបានចាប់ផ្តើមការផលិតក្នុងទ្រង់ទ្រាយធំរួចហើយ ដោយមីស៉ីលចម្ងាយឆ្ងាយ០៣ប្រភេទទៀត កំពុងស្ថិតក្រោមការអភិវឌ្ឍ។ ប៉ុន្តែលោក Leng បានសុំមិនផ្តល់ព័ត៌មានលម្អិត អំពីចម្ងាយនៃសមត្ថភាពហោះហើររបស់វាឡើយ។

គួរបញ្ជាក់ថា តាំងពីដើមមក យោធាតៃវ៉ាន់បានផ្តោតជាសំខាន់តែទៅលើ ការការពារខ្លួនពីការវាយប្រហារណាមួយរបស់ចិនប៉ុណ្ណោះ។ ប៉ុន្តែប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ធ្លាប់បានសង្កត់ធ្ងន់ជាច្រើនលើកអំពីសារសំខាន់ នៃការអភិវឌ្ឍសមត្ថភាពទាំងពីរមុខព្រួញ គឺទាំងខាងការពារខ្លួន និងទាំងខាងសមត្ថភាពវាយបក ទៅកាន់គោលដៅ ដែលស្ថិតនៅឆ្ងាយៗពីឆ្នេររបស់តៃវ៉ាន់៕