(បាងកក)៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៧ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃហៅកាត់ថា បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៩២ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៦៥ករណីត្រូវបានរកឃើញនៅទីក្រុង បាងកក (Bangkok), ១៥ករណីនៅខេត្ត សាមុត សាខន (Samut Sakhon), ០៥ករណីនៅខេត្ត សាមុត ប្រាកាន (Samut Prakan), ០៣ករណីនៅខេត្ត ណាខន ផាធំ (Nakhon Pathom), ០១ករណីនៅខេត្ត ឆាឆឹងសាវ (Chachoengsao), ០១ករណីនៅខេត្ត ផាធុម ថានី (Pathum Thani), ០១ករណីនៅខេត្ត ស៊ូផាន់ បុរី (Suphan Buri) និង ០១ករណីទៀតនៅខេត្ត រ៉ាត់ឆាបុរី (Ratchaburi)។ ចំណែកឯ ០៥ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញនៅលើអ្នកដំណើរ ដែលបានវិលត្រឡប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨,៤៤៣ករណី ក្នុងនោះមានអ្នកស្លាប់ ៩២នាក់ និងអ្នកជាសះស្បើយ ២៦,៩៤៦នាក់៕