(សិង្ហបុរី)៖ លំនាចទឹកសមុទ្រពេញមួយយប់ថ្ងៃពុធម្សិលមិញ បានបង្កការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរំដោះកប៉ាល់ដឹកទំនិញមួយគ្រឿងដែលកំពុងជាប់គាំង នៅឯព្រែកជីកស៊ុយអេ (Suez Canal) ដែលកំពុងបង្កជាការកកស្ទះចរាចរណ៍ដ៏ធំបំផុតមួយនៅលើផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយនៅលើពិភពលោក។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

ប៉ាល់ដឹកទំនិញខ្នាតយក្សឈ្មោះ Ever Given បានជាប់គាំងនៅឯព្រែកជីកស៊ុយអេ (Suez Canal) បន្ទាប់ពីវាបានបាត់បង់ម្ចាស់ការដោយសារតែខ្យល់កន្ត្រាក់កាលពី
ថ្ងៃអង្គារកន្លងទៅនេះ ដោយធ្វើឱ្យវាជាប់គាំងទាំងទទឹងទិសនៅទីនោះ។ កប៉ាល់ Ever Given គឺជាកប៉ាល់ទឹកទូរកុងទែណឺ ដែលមានបណ្តោយប្រវែង៤០០ម៉ែត្រ ទទឹង៥៩ម៉ែត្រ និងទម្ងន់២០០,០០០តោន។

ក្រុមការងារជាច្រើននាក់ មានទាំងនាវា និងទូកជាច្រើនគ្រឿងបាននិងកំពុងព្យាយាមយកកប៉ាល់ Ever Given ចេញពីកន្លែងជាប់គាំង។ តែដោយសារលំនាចទឹកសមុទ្រ និងលក្ខខណ្ឌខ្យល់មិនអំណោយផល បានបង្កការការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ យ៉ាងណាក៏ដោយ ប្រតិបត្តិការរំដោះកប៉ាល់កំពុងចាប់ផ្ដើមឡើងវិញ ហើយដោយរំពឹងថានឹងយកកប៉ាល់នេះចេញពីកន្លែងជាប់គាំងឆាប់ៗនេះ៕