(ព្រុចសែល)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបង្ខំឲ្យ សម្ព័ន្ធមិត្តរបស់ខ្លួនណាមួយនៅក្នុងអង្គការ NATO ជ្រើសរើសយករវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំងនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១។

កំឡុងដំណើរបំពេញទស្សនកិច្ចនៅអឺរ៉ុប ក្នុងនាមជាប្រមុខការទូតរបស់ទីក្រុងវ៉ាស៉ីនតោន លោក Blinken បានថ្លែងនៅទីស្នាក់ការរបស់អង្គការ NATO ក្នុងទីក្រុងព្រុចសែលថា «សហរដ្ឋអាមេរិកនឹងមិនបង្ខំឲ្យសម្ព័ន្ធមិត្ត ត្រូវស្ថិតក្រោមកាលៈទេសៈនៃជម្រើសរវាង ពួកយើង ឬពួកគេ ជាមួយចិននោះឡើយ ពោលគឺប្រទេសទាំងឡាយអាចធ្វើការជាមួយចិនបាន តាមកន្លែងណាដែលអាចទៅរួច»

ប៉ុន្តែទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំងថា កំពុងតែបង្កអន្តរាយដល់សណ្តាប់ធ្នាប់ នៃប្រព័ន្ធធ្វើពាណិជ្ជកម្មអន្តរជាតិ ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធបានកសាងឡើង ក្រោយសម័យសង្រ្គាមលោកលើកទីពីរ។ លោក Blinken ក៏បានគូសបញ្ជាក់ទៀតថា មហិច្ឆតាយោធារបស់ចិន កំពុងតែរីកធំឡើងខ្លាំងផងដែរ។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុបដូចជា អាល្លឺម៉ង់ និងបារាំងជាដើម កំពុងព្យាយាមស្វែងរកតុល្យភាពជាយុទ្ធសាស្រ្តមួយ នៅក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន ដែលអាចធានាថា សហភាពអឺរ៉ុបមើលទៅហាក់មិនឈរនៅកៀកខ្លាំងតែម្ខាង ហើយចោលម្ខាងទៀតនោះឡើយ រវាងកំពូលមហាអំណាចទាំងពីរ។

យ៉ាងណាមិញ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដា បានព្រួតគ្នាដាក់ទណ្ឌកម្មលើក្រុមមន្រ្តីចិន ក្រោមហេតុផលថា មានការរំលោភសិទ្ធិមនុស្សនៅតំបន់ Xinjiang នៃប្រទេសចិន ហើយចិនក៏បានចេញចំណាត់ការឆ្លើយតបវិញភ្លាមៗផងដែរ បកទៅលើសហភាពអឺរ៉ុប៕