(គុយបា)៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងស្រុកមានការកើនឡើង ប្រទេសគុយបារំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ឲ្យបានច្រើនជាង ៥០ភាគរយនៃចំនួនប្រជាជនសរុបជាង ១១លាននាក់ នៅត្រឹមខែសីហាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

ប្រធានផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃក្រសួងសុខាភិបាលគុយបាលោក Ileana Morales បាននិយាយលើកឡើងថា«យើងគ្រោងនឹងចាក់វ៉ាក់សាំងដល់ប្រជាជនជាង ០៦លាននាក់នៅត្រឹមខែសីហា។ រវាងខែមិថុនានិងខែកក្កដា យើងគ្រោងនឹងសម្រេចការចាក់វ៉ាក់សាំងជូនដល់មនុស្សវ័យចាស់ ព្រមទាំងបុគ្គលិកពេទ្យនិងប្រជាជនដែលមានបញ្ហាសុខភាពឲ្យបានប្រមាណ ២.២លាននាក់»។

គួរបញ្ជាក់ថា ប្រទេសគុយបាដែលមានចំនួនប្រជាជនជាង ១១លាននាក់កំពុងប្រឹងប្រែងទប់ស្កាត់ការកើនឡើងនូវករណីឆ្លងថ្មីដ៏ច្រើនបំផុតមិនធ្លាប់មាន បន្ទាប់ពីការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិ និងថ្ងៃឈប់សម្រាកបុណ្យណូអែល។ កាលពីថ្ងៃអង្គារប្រទេសមួយនេះបានកត់ត្រាចំនួនអ្នកស្លាប់ថ្មីចំនួន ៤នាក់ និងករណីឆ្លង ៧៧៤នាក់ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៦៨,២៥០ករណី ក្នុងនោះស្លាប់ ៤០១នាក់៕