(បង់ក្លាដែស)៖ ក្រុមការងារមនុស្សធម៌នៅថ្ងៃពុធនេះ កំពុងខិតខំព្យាយាមជួយឲ្យ គ្រួសារជនជាតិភាគតិចម៉ូស្លីមរ៉ូហ៉ីងយ៉ា បានជួបជុំគ្នាវិញ បន្ទាប់ពីជំរំជនភៀសខ្លួនដ៏ធំបំផុតលើលោក ស្ថិតក្នុងប្រទេសបង់ក្លាដែស បានរងគ្រោះអគ្គីភ័យយ៉ាងសន្ធោសន្ធៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

គ្រោះអគ្គីភ័យបានឆាបឆេះជំរំខាងលើ ដែលមានជនភៀសខ្លួនជ្រកកោនច្រើនកកកុញ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ បើតាមអង្គការសហប្រជាជាតិ ហេតុការណ៍នោះបានបណ្តាលឲ្យមនុស្សស្លាប់ ១៥នាក់ និងបាត់ខ្លួនរាប់រយនាក់ ខណៈខាងបង់ក្លាដែសបានអះអាងថា មនុស្សយ៉ាងតិច ១១នាក់បានស្លាប់។

ក្រុមការងារមនុស្សធម៌នៅបង់ក្លាដែសបាននិយាយថា កំឡុងការកើតឡើងនៃគ្រោះអគ្គីភ័យ ជនភៀសខ្លួនភាគច្រើនបាននាំគ្នាជម្លៀស ទៅកាន់ជំរំដទៃៗទៀត ដើម្បីស្នាក់នៅជាមួយមិត្តភក្តិ ឬសាច់ញាតិជាបណ្តោះអាសន្ន។ ប៉ុន្តែមានក្មេងៗជាច្រើននាក់ បានព្រាត់ចេញពីគ្រួសាររបស់ពួកគេ កំឡុងការជម្លៀសខ្លួន ខណៈក្រុមការងារមនុស្សធម៌ កំពុងព្យាយាមជួយឲ្យគ្រួសារជនភៀសខ្លួនទាំងនេះ បានជួបជុំគ្នាវិញ។

គួរបញ្ជាក់ថា មានជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ ១លាននាក់ ដែលកំពុងរស់នៅក្នុងជំរំដ៏ធំនៃទីក្រុង ខូស បាហ្សា (Cox's Bazar) ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ ជនជាតិដើមម៉ូស្លីមនេះ មានក្តីសង្ឃឹមតិចតួចបំផុត ក្នុងការវិលត្រឡប់ទៅស្រុកកំណើតវិញ នៅឯប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលពួកគេភាគច្រើន ត្រូវបានបដិសេធមិនឲ្យចូលសញ្ជាតិ និងរងការធ្វើទុក្ខបុកម្នេញថែមទៀត៕