(ប៉េកាំង)៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើមន្ត្រី៤រូប និងអង្គភាពជាក់ស្តែងមួយរបស់ចិន ដោយយកលេសថា «បំពានសិទ្ធិមនុស្សនៃភូមិភាគស៊ីនជាំង»។ ប៉ុន្មានម៉ោងក្រោយ ក្រសួងការបរទេសចិនបានប្រកាសថា ភាគីចិនសម្រេចចិត្តអនុវត្តការដាក់ទណ្ឌកម្មទៅលើ បុគ្គលិក១០នាក់និងអង្គភាពជាក់ស្តែងចំនួន៤របស់ភាគីអឺរ៉ុប ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អធិបតេយ្យភាព និងផលប្រយោជន៍របស់ភាគីចិន និងផ្សព្វផ្សាយពាក្យកុហក និងព័ត៌មានក្លែងក្លាយក្នុងចេតនាអាក្រក់។

នេះបានបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងមុតមាំរបស់ភាគីចិន ក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍ របស់ប្រទេសជាតិ។ បន្ទាប់ពីសហភាពអឺរ៉ុបប្រកាសដាក់ទណ្ឌកម្ម ទៅលើប្រទេសចិន នៅថ្ងៃដដែល សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា ក៏បានប្រកាសនូវអ្វីដែលពួកគេហៅថា «បទបញ្ជាស្តីពីការដាក់ទណ្ឌកម្ម» ចំពោះប្រទេសចិនរៀងៗខ្លួនដោយយក «បញ្ហាសិទ្ធិមនុស្សនៃភូមិភាគស៊ីនជាំង» ធ្វើជាលេសផងដែរ។

ហេតុអ្វីបានជាអ្នកនយោបាយលោកខាងលិច និយាយពាក្យកុហកដល់កម្រិតប៉ុណ្ណឹង? ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងទៅ ទំហំសេដ្ឋកិច្ចសរុបនៃភូមិភាគស៊ីនជាំង បានកើនឡើងជាង២០០ដង អាយុកាលរំពឹងទុកគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ត្រូវបានលើកកម្ពស់ពីអាយុ៣០ឆ្នាំដល់៧២ឆ្នាំ។

ប្រសិនបើភូមិភាគស៊ីនជាំងមានអ្វីដែលហៅថា «សកម្មភាពប្រល័យពូជសាសន៍» ដូចអ្នកនយោបាយប្រទេសប៉ែកខាងលិច បាននិយាយនោះ តើប្រការទាំងនេះគឺមកពីណា? ប៉ុន្មានឆ្នាំកន្លងទៅនេះ មន្ត្រីការទូត មន្ត្រីអង្គការអន្តរជាតិ អ្នកសារព័ត៌មាន និងឥស្សរជនផ្នែកសាសនាជាង១២០០រូប របស់ប្រទេសជាង១០០ បានអញ្ជើញទៅទស្សនាភូមិភាគស៊ីនជាំង ដើម្បីស្វែងយល់ពី សភាពការណ៍ជាក់ស្តែង នៃភូមិភាគស៊ីនជាំងនៅហ្នឹងកន្លែង។

អ្វីដែលពួកគេបានមើលឃើញ និងដឹងឮត្រូវបានផ្សព្វផ្សាយដោយប្រទេសនានា រួចរាល់ហើយ។ កាលពីខែកុម្ភៈ ឆ្នាំនេះ ក្រសួងការបរទេសចិន បានបង្ហាញថា «ភាគីចិនបានធ្លាប់អញ្ជើញសហភាពអឺរ៉ុប និងអង្គទូតប្រចាំនៅប្រទេសចិនរបស់ រដ្ឋជាសមាជិកសហភាពអឺរ៉ុប ឱ្យបំពេញទស្សនកិច្ចនៅភូមិភាគស៊ីនជាំង ជាច្រើនលើកហើយ។ ប៉ុន្តែប្រការដែលគួរឱ្យសោកស្តាយគឺ ភាគីអឺរ៉ុបបានពន្យារពេលការធ្វើទស្សនកិច្ចម្តងហើយម្តងទៀត បង្ករឿងហេតុដោយចេតនា និងតែងតែលើកឡើងនូ វសំណូមពរមិនសមហេតុផលមួយចំនួន»

ពេលថ្មីៗកន្លងទៅនេះ មន្ត្រីសហភាពអឺរ៉ុបបានប្រកាសពី «ភាពជាម្ចាស់ការខាងយុទ្ធសាស្ត្រ» ជារឿយៗ ប៉ុន្តែបែរជាប្រកាសពី អ្វីដែលពួកគេហៅថា «វិធានការដាក់ទណ្ឌកម្មទៅលើប្រទេសចិន» នៅថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអាមេរិក បានទៅបំពេញទស្សនកិច្ច នៅក្រុងព្រុចសែល ប្រការនេះបំផ្លាញដល់ទំនាក់ទំនងរវាងចិន និងអឺរ៉ុបយ៉ាងធ្ងន់ធ្ងរ។

សហភាពអឺរ៉ុបធ្វើតាមសហរដ្ឋអាមេរិក ដោយមិនគិតពីត្រូវឬខុស។ ដូច្នេះតើអឺរ៉ុបមានសិទ្ធិនិយាយពី «ភាពជាម្ចាស់ការខាងយុទ្ធសាស្ត្រ» ឬទេ? ពីការដែលលោក Maxime Vivas អ្នកនិពន្ធបារាំងតែងសៀវភៅ ក្រោមចំណងជើងថា «ទីបញ្ចប់នៃព័ត៌មានក្លែងក្លាយអំពីជនជាតិវៃវូអឺ» ដល់មន្ត្រីនិងឥស្សរជនសារព័ត៌មានរបស់ប្រទេសជាច្រើន ដែលទៅបំពេញទស្សនកិច្ចនៅភូមិភាគស៊ីនជាំង បានបញ្ចេញសំឡេងគាំទ្រយ៉ាងសកម្ម រហូតដល់ពេលថ្មីៗកន្លងទៅនេះ ប្រទេសជាង៨០ បាននាំគ្នាគាំទ្រគោលនយោបាយគ្រប់គ្រងភូមិភាគស៊ីនជាំងរបស់ចិន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ។

ប្រការទាំងនេះអាចបង្ហាញថា សច្ចធម៌គឺស្ថិតក្នុងដួងចិត្តរបស់មនុស្ស។ ហេតុនេះ សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិច គួរទទួលបានការដាស់តឿន ឱ្យដោះស្រាយបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនសិន ដោយកុំដើរកាន់តែឆ្ងាយទៅៗតាមផ្លូវខុសឆ្គងទៀត។ បើពុំនោះសោត ភាគីចិនមុខជានឹងចាត់វិធានការតបតវិញថែមមួយកម្រិតទៀតជាមិនខាន៕