(វ៉ាស៊ីនតោន)៖ លោកឧត្តមនាវីឯក ចន អាឃ្វីលីណូ (John Aquilino) ដែលត្រូវបានលោកប្រធានាធិបតី ចូ បៃដិន តែងតាំងជាមេបញ្ជាការ នៃទីបញ្ជាការយោធាអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបាននិយាយថា ចិននឹងមានសមត្ថភាពវាយយកកោះតៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លីមុខ លឿនជាងការរំពឹងទុក និងការព្យាករនានាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

លោក John Aquilino ធ្វើការកត់សម្គាល់ខាងលើ ប្រាប់គណៈកម្មាធិការសេវាកម្មអាវុធនៃព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Aquilino បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការគ្រប់គ្រងកោះតៃវ៉ាន់ គឺជាជម្រើសអាទិភាពទីមួយរបស់ចិន ហើយខ្ញុំយល់ថា ចិននឹងមានសមត្ថភាពវាយយកកោះតៃវ៉ាន់ ក្នុងពេលអនាគតដ៏ខ្លីមុខ លឿនជាងអ្វីដែលយើងកំពុងរំពឹងទុក»

ទោះជាបែបនេះក្តី លោក John Aquilino មិនបានអត្ថាធិប្បាយអ្វីឡើយ ជុំវិញការលើកឡើងរបស់សមាជិកព្រឹទ្ធសភាលោក ថម ខូតថុន (Tom Cotton) ដែលថា ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់កម្លាំងយោធា លើកោះតៃវ៉ាន់នៅឆ្នាំក្រោយនេះ។ លោក Tom Cotton លើកឡើងបែបនេះ ជាមួយការយករុស្ស៊ីធ្វើជាឧទាហរណ៍ ដោយកាលពីឆ្នាំ២០១៤ ទីក្រុងម៉ូស្គូបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទទួលរៀបចំកីឡាអូឡាំពិករដូវរងា។ ចិននឹងទទួលរៀបចំកីឡាអូឡាំពិករដូវរងា នៅខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា ប្រទេសចិន និងកោះតៃវ៉ាន់ត្រូវបានផ្ដាច់ចេញពីគ្នា ក្រោយសង្រ្គាមស៊ីវិលបញ្ចប់នៅឆ្នាំ១៩៤៩។ ជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសចិននៅតែអះអាងជានិច្ចថា កោះតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន ស្របទៅតាមច្បាប់អន្តរជាតិ ខណៈសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ គោលនយោបាយចិនតែមួយ រួចទៅហើយដែរ តាំងតែពីអំឡុងទសវត្សរ៍ ១៩៧០មកម្ល៉េះ។

ការទទួលស្គាល់គោលនយោបាយចិនតែមួយ មានន័យស្មើនឹងការទទួលស្គាល់ កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិន។ ទោះជាបែបនេះក្តី ទីក្រុងប៉េកាំងនៅតែព្រមានជានិច្ចថា ខ្លួននឹងប្រើកម្លាំងយោធាវាយយកតៃវ៉ាន់ ប្រសិនបើកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬមានកម្លាំងពីខាងក្រៅណាមួយ ចង់មកបំបែកតៃវ៉ាន់ចេញពីចិន៕