(ស៉ីដនី)៖ ឧទ្យានជាតិរ៉េបថាល (Reptile) នៃប្រទេសអូស្រ្ដាលី នៅថ្ងៃពុធនេះបានព្រមានថា សត្វពីងពាង ដែលមានពិសសាហាវបំផុតនៅលើពិភពលោក អាចបំលាស់ទីឆ្លងទីក្រុងស៊ីដនី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានទឹកជំនន់ ដោយពួកវាអាចនឹងស្វែងរកទីជម្រកនៅក្នុងផ្ទះសម្បែងរបស់យើង ខណៈដែលពួកវាព្យាយាមហែលឆ្លងគេចពីទឹកជំនន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

ប្រជាជនអូស្ត្រាលីបានទទួលពន្លឺព្រះអាទិត្យឡើងវិញនៅថ្ងៃពុធនេះ បន្ទាប់ពីបានទទួលរងភ្លៀងធ្លាក់ជាច្រើនថ្ងៃ ដែលបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំង នៅរដ្ឋញូសោតវែលស៍ (New South Wales) និងនៅផ្នែកខ្លះនៃទីក្រុងស៊ីដនី។ ចំពោះមុខមហន្តរាយទឹកជំនន់ ដែលកំពុងបន្តនៅឡើយនេះ ប្រជាជនអូស្ត្រាលីទើបទទួល ការព្រមានថ្មីមួយទៀតជាបន្ទាន់ ពីសញ្ញានៃការចល័តទីរបស់សត្វពីងពាង ដែលមានគ្រោះថ្នាក់ដល់ជីវិត កំពុងលុកលុយនៅតំបន់ទីក្រុងស៊ីដនី។

នាយកឧទ្យានជាតិ Reptile លោក ធីម ហ្វកណឺ (Tim Faulkner) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អាកាសធាតុក្តៅ នាពេលខាងមុខនេះ គឺជាឱសកាសដ៏ល្អបំផុតដែលសត្វពីងពាងដ៏កំណាចនេះ នឹងលុកលុយនៅប៉ុន្មានថ្ងៃខាងមុខនេះ»

លោក Faulkner បានគូសបញ្ជាក់បន្ថែមថា «ជាមួយនឹងទឹកជំនន់ ដែលបានវាយប្រហារតំបន់ទីក្រុងស៉ីដនី ពួកវាត្រូវបានបង្ខំឱ្យចាកចេញពីទីជម្រករបស់ពួកវា ហើយកំពុងស្វែងរកការជ្រកកោន នៅតាមតំបន់ស្ងួត។ ដូច្នេះវាអាចមានន័យថា ពួកវានឹងស្វែងរកផ្លូវរបស់ពួកវា ដើម្បីចូលទៅក្នុងផ្ទះសម្បែងរបស់យើង ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»

គួរបញ្ជាក់ថា សត្វពីងពាងដ៏កំណាចនេះត្រូវបានគេខ្លាចជាទូទៅ ចំពោះពិសដ៏សាហាវបំផុតរបស់វា ដែលកន្លងមនុស្ស ១៣នាក់ហើយបានស្លាប់ បន្ទាប់ពីត្រូវវាខាំ។ ទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់ត្រូវបានគេជឿថា បានស្លាប់ដោយសារសត្វពីងពាងនេះទៀតដែរ ចាប់តាំងពីមានកម្មវិធីប្រឆាំងនឹងពិស ដែលត្រូវបានគេណែនាំ នៅដើមទសវត្សរ៍ ១៩៨០ មកម៉្លេះ៕