(ឡុងដ៍)៖ ក្មេងៗទាំងឡាយនៅចក្រភពអង់គ្លេស នឹងទទួលបានការចាក់វ៉ាក់សាំង បង្ការជំងឺរាតត្បាតសកល COVID-19 យ៉ាងឆាប់បំផុតចាប់ពីខែសីហា ខាងមុខនេះតទៅ ដើម្បីឆ្លើយតបទៅតាមផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនភាពសុំាក្នុងសហគមន៍ ឲ្យដល់កម្រិតអតិបរមា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអង់គ្លេស The Telegraph នាព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

បើតាមសារព័ត៌មានខាងលើនេះ កាលបរិច្ឆេទនៃការរៀបចំចាក់វ៉ាក់សាំង ជូនដល់កុមារ និងមនុស្សវ័យជំទង់នៅចក្រភពអង់គ្លេសខាងលើនេះ ក៏អាចនឹងប្រព្រឹត្តទៅមួយខែលឿនជាងកាលកំណត់ផងដែរ ដោយអាស្រ័យលើការត្រៀមរៀបចំ ត្រូវបានជំរុញមានប្រសិទ្ធភាពដល់កម្រិតណា។

គួរបញ្ជាក់ថា គិតត្រឹមដើមសប្តាហ៍នេះ រដ្ឋាភិបាលអង់គ្លេសនៅតែកំពុង ទន្ទឹងរង់ចាំលទ្ធផលនៃការសិក្សាស្រាវជ្រាវ ទៅលើវ៉ាក់សាំងសម្រាប់កុមារ ដែលបាននិងកំពុងធ្វើឡើងដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca Plc ជាមុនសិន ទើបសេចក្តីសម្រេចអាចធ្វើឡើងទៅតាមក្រោយ។

បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអង់គ្លេស ដែលសារព័ត៌មាន The Telegraph ទទួលបាន ទិន្នន័យសុវត្ថិភាពនៃការធ្វើតេស្តវ៉ាក់សាំង លើក្រុមក្មេងៗស្ម័គ្រចិត្តជាង ៣០០នាក់ ដែលមានអាយុចន្លោះពី ៦ឆ្នាំ ដល់ ១៧ឆ្នាំ អាចនឹងត្រូវចេញក្នុងពេលឆាប់់ៗខាងមុខនេះ ដែលអាចនៅអំឡុងខែមិថុនា ឬកក្កដា។ ជុំវិញបញ្ហានេះ ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានទាក់ទងទៅសាកលវិទ្យាល័យ Oxford ដើម្បីស្នើសុំការបំភ្លឺផងដែរពាក់ព័ន្ធនឹងកាលបរិច្ឆេទ ប៉ុន្តែពុំទាន់មានការឆ្លើយតបនោះឡើយ៕