(ប្រេស៉ីឡា)៖ ក្រសួងសុខាភិបាលប្រេស៉ីល នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារជំងឺ COVID-19 ច្រើនជាង ៣,០០០នាក់ជាលើកដំបូងបង្អស់ ខណៈប្រទេសនេះបាននិងកំពូងព្យាយាម ទប់ស្កាត់ករណីឆ្លងកាន់ច្រើនឡើងៗ ដែលកំពុងរុញច្រានប្រព័ន្ធសុខាភិបាល នៅក្នុងប្រទេសរបស់ខ្លួន ឈានទៅរកចំណុចដួលរលំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលប្រេស៉ីល បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ទៅ ៣,២៥១នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសនេះកើនឡើងដល់ជិត ២៩៩,០០០នាក់។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19 ជាមធ្យមនៅក្នុងប្រទេសប្រេស៊ីលបានកើនឡើងទ្វេដង គិតចាប់តាំងពីដើមឆ្នាំ២០២១ នេះមកម៉្លេះ។

បញ្ហាជាច្រើនត្រូវបានស្តីបន្ទោស ជាពិសេសពាក់ព័ន្ធទៅនឹងសមត្ថភាព នៃការគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណារ៉ូ ព្រោះតំណែងរដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល ត្រូវបានផ្លាស់ប្តូរប៉ុន្មានលើករួចមកហើយ។ សម្រាប់រដ្ឋសៅប៉ូឡូ ដែលមានប្រជាជនរស់នៅច្រើនជាងគេរហូតដល់ទៅ ៤៦លាននាក់ ពេលនេះកំពុងតែជួបវិបត្តិខ្វះខាតគ្រឿងបរិក្ខាវេជ្ជសាស្ត្រ ខណៈរលកថ្មីនៃ COVID-19 បាននិងកំពុងធ្វើឲ្យចំនួនអ្នកជំងឺកើនឡើងយ៉ាងគំហុក។

គួរបញ្ជាក់ថា ប្រេស៊ីលគឺជាប្រទេសដែលមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់ជាងគេបំផុតទី ២ នៅលើពិភពលោក ឥឡូវនេះបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១២.១លាននាក់ ក្នុងនោះមានអ្នកស្លាប់ជិត ២៩៩,០០០នាក់ និងអ្នកជាសះស្បើយជាង ១០.៦លាននាក់៕