(បង់ក្លាដែស)៖ អង្គការសហប្រជាជាតិបានរាយការណ៍ឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ និង៤០០នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យដ៏ធំមួយបានឆាបឆេះបំផ្លាញទីជម្រករបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅឯទីតាំងជនភៀសខ្លួនដ៏ធំបំផុតនៅប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

លោក Amin al-Haq ជាជនភៀសខ្លួនម្នាក់បាននិយាយ «មនុស្សម្នានៅពេលនោះនាំគ្នារតត់ប្រាស់អាយុរៀងៗខ្លួន ខណៈដែលអគ្គិភ័យបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័ស។មនុស្សជាច្រើនបានរងរបួស ហើយខ្ញុំបានឃើញសាកសពយ៉ាងហោចណាស់បួននាក់»

លោក Johannes Van der Klaauw តំណាងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសបង់ក្លាដែសបាននិយាយថា រហូតមកដល់ពេលនេះមានមនុស្សយ៉ាងណាស់ ១៥នាក់បានស្លាប់ ៥៦០នាក់រងរបួស និង៤០០នាក់ទៀតបាត់ខ្លួន ខណៈយ៉ាងហោចណាស់ទីជម្រកចំនួនជាង ១០,០០០ត្រូវបានបំផ្លាញទាំងស្រង់។

អ្នកតំណាងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវតាមរយៈវីដេអូឃ្លីបថា «អ្វីដែលយើងបានឃើញក្នុងអគ្គិភ័យដែលបានឆាបឆេះជំរុំទាំងនោះ គឺយើងមិនធ្លាប់ឃើញពីមុនមកទេ។ វាធំធេងណាស់»

ក្រុមមន្ត្រីបង់ក្លាដែសបានឲ្យដឹងថា អគ្គិភ័យប្រហែលចាប់ផ្ដើមឆាបឆេះចេញពីជំរំមួយក្នុងចំណោមជំរំ ៣៤កន្លែងលាតសន្ធឹងលើផ្ទៃដី៣,២៣៧ហិកតា មុននឹងវា ឆេះរាលដាលទៅកាន់ជំរំបីផ្សេងទៀត។ ប៉ុន្តែទោះយ៉ាងណា អាជ្ញាធរមិនទាន់អាចកំណត់ពីមូលហេតុបង្កឱ្យមានអគ្គិភ័យនេះនៅឡើយទេ។

គួរបញ្ជាក់ថា ជនជាតិដើមភាគតិចកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ាជិតមួយលាននាក់ ក្នុងនោះមានភាគច្រើនរត់គេចពីការបង្រ្កាបរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧ បច្ចុប្បន្នគឺកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន នៅឯស្រុក Cox's Bazar ប្រទេសបង់ក្លាដែស៕