(ប៊ែកឡាំង)៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានប្រកាសនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់នឹងពន្យារពេលវិធានការបិទខ្ទប់ប្រទេសប្រឆាំងនឹងជំងឺ COVID-19 យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ១៨ ខែមេសា ជាមួយនឹងការរឹតត្បិតរឹតតែខ្លាំងក្នុងកំឡុងពេលថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ(Easter)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីកិច្ចប្រជុំដ៏យូរជាមួយគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃអង្គារនេះ លោកស្រី Merkel បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនទាន់អាចកម្ចាត់វីរុស(COVID-19)នេះបានទេ។ យើងមិនត្រូវបោះបង់ចោល(វិធានការបិទខ្ទប់ប្រទេស)ទេ»

លោកស្រីអធិការបតីអាល្លឺម៉ង់រូបនេះបានសង្កត់ធ្ងន់ថា «ប្រទេសអាល្លឺម៉ង់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង នៅចំពោះមុខនៃការរាតត្បាតយ៉ាងឆាប់រហ័សរបស់ជំងឺ COVID-19 ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងថ្មី ដែលជាបន្ទុកដ៏ធ្ងន់សម្រាប់វិស័យសុខាភិបាល»

លោកស្រី Merkel បានប្រកាសថា ថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរនៅដើមខែមេសាខាងមុខនេះ ដែលត្រូវបានគេកំណត់ថាជា «ថ្ងៃឈប់សម្រាក» នឹងមានការរឹតត្បិតយ៉ាងខ្លាំងលើការប្រាស្រ័យទាក់ទង បន្ថែមលើការហាមឃាត់ការជួបជុំនៅតាមទីសាធារណៈ។ ការជួបជុំជាលក្ខណៈឯកជននឹងត្រូវបានអនុញ្ញាតិតែរវាងពីរគ្រួសារប៉ុណ្ណោះ ប៉ុន្តែវាក៏ត្រូវបានកំណត់ត្រឹមអតិបរមាចំនួនមនុស្ស០៥នាក់។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ អាល្លឺម៉ង់មានករណីឆ្លងសរុបជាង ២.៦៧លានករណី ក្នុងនោះស្លាប់ ៧៤,៩៦៤នាក់៕