(ឡូសអាន់ជែលឡែស)៖ នាង Sia Marie Xiong ដែលជាពលរដ្ឋអាមេរិក មានដើមកំណើតខ្មែរ ត្រូវបានប៉ូលិសបញ្ជាក់អត្តសញ្ញាណថា ជាជនរងគ្រោះនៃការបាញ់ប្រហារ នៅក្នុងទីក្រុង ខុមថុន (Compton) រដ្ឋកាលីហ្វ័រញ៉ា ហើយគ្រួសាររបស់អ្នកនាងបានស្នើឱ្យមានការស៊ើបអង្កេតមួយ ពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍។ នេះបើតាមការដកស្រង់ផ្សាយ ចេញពីសារព័ត៌មាន Los Angeles Times នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

ទោះបីជាមានសំណើ ឲ្យបើការស៊ើបអង្កេតដូចខាងលើនេះមែន ក៏ប៉ូលិសក្នុងតំបន់បានបង្ហើបឲ្យដឹងថា ករណីបាញ់សម្លាប់អ្នកនាង Sia Marie Xiong ទំនងមិនមែនជាបទឧក្រិដ្ឋរើសអើងពូជសាសន៍ឡើយ បើទោះជនសង្ស័យជាខ្មាន់កាំភ្លើង ឬចេតនានៅពីក្រោយឃាតកម្មនេះ មិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។ ប៉ុន្តែប៉ូលិសបញ្ជាក់ថា ការស៊ើបអង្កេតអាចនឹងត្រូវប្ដូរមុខព្រួញ ប្រសិនបើមានព័ត៌មានច្បាស់លាស់បន្ថែម។

គួរបញ្ជាក់ថា ជនរងគ្រោះ Sia Marie Xiong មានអាយុ ២៨ឆ្នាំ និងមានកូនប្រុសម្នាក់អាយុ ០៣ឆ្នាំត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅមុនម៉ោង ៦៖០០ព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន (ពេលវេលារដ្ឋកាលីហ្វ័ញ៉ា) នៅឯតំបន់ 1600 block នៃផ្លូវ East Kay Street ក្នុងទីក្រុង Compton។ ការបាញ់ប្រហារនេះកើតមានឡើង នៅចំពេលចរន្តរើសអើងពូជសាសន៍ ប្រឆាំងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី កំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីមនុស្ស ០៨នាក់ ក្នុងនោះមានស្ត្រី ០៦នាក់ជាពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់ នៅក្នុងទីក្រុងអាត្លង់តា នៃរដ្ឋចរចៀកាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅថ្មីៗនេះ៕