(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី និងចិន នៅថ្ងៃអង្គារនេះបាននិយាយថា ពួកគេចង់ឱ្យមានការរៀបចំឡើងនូវកិច្ចប្រជុំកំពូលមួយ រវាងមេដឹកនាំនៃប្រទេស ដែលសមាជិកអចិន្រ្តៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

សម្ព័ន្ធមិត្តទាំងពីរ ដែលទំនាក់ទំនងកំពុងស្ថិតក្នុងសភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយក្រុមប្រទេសលោកខាងលិច បានរួមគ្នាអំពាវនាវឱ្យ មានការរៀបចំឡើងនូវកិច្ចប្រជុំកំពូលខាងលើ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី បានគូសបញ្ជាក់ថា «ខណៈដែលស្ថានភាពនយោបាយជាសកល កាន់តែមានភាពជ្រួលច្របល់ខ្លាំងឡើងៗ កិច្ចប្រជុំកំពូលនៃសមាជិកអចិន្រ្តៃយ៍របស់ UNSC គឺត្រូវការជាចាំ ដើម្បីបង្កើតការសន្ទនាដោយផ្ទាល់ អំពីវិធីដោះស្រាយបញ្ហារួមរបស់មនុស្សជាតិ ក្រោមគោលដៅរក្សាស្ថិរភាពសកល»។

សេចក្តីថ្លែងការណ៍នោះ មិនបានគូសបញ្ជាក់ពីឈ្មោះសហរដ្ឋអាមេរិកទេ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៉ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ត្រូវបានទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ដកស្រង់សម្តីថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi) លោក ឡាវរ៉ូវ បាននិយាយថា ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំង គឺមិនសប្បាយចិត្តនឹងអាកប្បកិរិយារបស់សហរដ្ឋអាមេរិកទេ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ សហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសកាណាដា បានដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួនពីបទរំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង (Xinjiang) ខណៈប្រទេសរុស្ស៊ី ក៏ត្រូវសហរដ្ឋអាមេរិកត្រៀមដាក់ទណ្ឌកម្មថ្មីថែមទៀតផងដែរ ជុំវិញអ្វីដែលក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា ទីក្រុងម៉ូស្គូបានចូលលូកលាន់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ ទោះបីទីក្រុងម៉ូស្គូបានបដិសេធចំពោះការចោទប្រកាន់នេះក៏ដោយ៕