(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ព្រមទាំងកាណាដា នាដើមសប្តាហ៍នេះ បាននាំគ្នាដាក់ទណ្ឌកម្មលើ ក្រុមមន្រ្តីចិន ក្រោមហេតុផលថា មានការរំលោភសិទ្ធិមនុស្សនៅតំបន់ ស៊ីជាំង (Xinjiang) នៃប្រទេសចិន ហើយពេលនេះទីក្រុងប៉េកាំង បានធ្វើការឆ្លើយតបទៅវិញ ដោយមិនបង្អង់ទុកយូរនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

វាគឺជាសកម្មភាពមានលក្ខណៈរួមគ្នាលើកដំបូងបំផុត របស់ក្រុមប្រទេសលោកខាងលិច ប្រឆាំងទៅលើទីក្រុងប៉េកាំង នៅក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក ចូ បៃដិន។ ប៉ុន្តែទីក្រុងប៉េកាំងក៏បានឆ្លើយតបវិញភ្លាមៗផងដែរ ជាមួយការចេញចំណាត់ការធ្ងន់ៗប្រឆាំងនឹងសហភាពអឺរ៉ុប ហើយមានទ្រង់ទ្រាយទូលំទូលាយថែមទៀត គឺរួមមានទាំងទៅលើសមាជិកសភា មន្រ្តីទូត ស្ថាប័នរបស់អឺរ៉ុប ហើយនិងហាមមិនឲ្យពួកគេ ធ្វើពាណិជ្ជកម្មជាមួយចិនផងដែរ។

គួរបញ្ជាក់ថា សកម្មភាពថ្មីៗនេះរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត គឺត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកិច្ចប្រជុំកម្រិតកម្ពស់ រយៈពេល ០២ថ្ងៃរវាងក្រុមមន្រ្តីអាមេរិក និងចិនកាលពីសប្តាហ៍មុន ដែលបានលាតត្រដាងឲ្យឃើញយ៉ាងច្បាស់ អំពីកម្រិតភាពតានតឹងរវាងកំពូល មហាអំណាចពិភពលោកទាំងពីរនេះ៕