(បាងកក)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៤០១នាក់ ដែលអត្រាដ៏ខ្ពស់ខ្លាំងមួយ ធៀបនឹងមួយរយៈចុងក្រោយនេះ ហើយក៏មានអ្នកជំងឺម្នាក់ទៀតបាត់បង់ជីវិតផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗនោះ មាន៣៨៣ករណីជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង១៨ករណីជាករណីនាំចូលមកពីក្រៅប្រទេស។ សម្រាប់ការរាយការណ៍នាថ្ងៃអង្គារនេះ ទីក្រុងបាងកកគឺជាកន្លែង ដែលមានករណីឆ្លងក្នុងស្រុកថ្មីៗច្រើនជាងគេ ពោល ៩២ភាគរយនៃករណីឆ្លងថ្មីៗទាំងនោះនៅក្នុងស្រុក ត្រូវបានរកឃើញនៅក្នុងរាជធានីនៃប្រទេសថៃ។ ចំណែក អ្នកជំងឺម្នាក់ទៀតដែលទើបតែបាត់បង់ជីវិត គឺជាបុរសជនជាតិថៃម្នាក់អាយុ៧៥ឆ្នាំ។

គួរបញ្ជាក់ថា គិតមកទល់ឥឡូវ ថៃបានរកឃើញអ្នកឆ្លង COVID-19 សរុប ២៨,២៧៧នាក់ ក្នុងនោះមាន២៦,៧៦៦នាក់បានជាសះស្បើយ និង៩២នាក់បានស្លាប់៕