(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃអង្គារនេះ បានរាយការណ៍ឱ្យដឹងថា មនុស្ស០៤នាក់បានស្លាប់ ខណៈបុរសម្នាក់បានបំផ្ទុះគ្រាប់បែកច្នៃ នៅការិយាល័យរដ្ឋបាលមួយកន្លែង ដែលស្ថិតក្នុងភូមិតូចមួយ នៅភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

ប៉ូលិសប្រចាំមូលដ្ឋាន បានគូសបញ្ជាក់នៅលើ គណនីបណ្ដាញសង្គមចិន Weibo ផ្លូវការរបស់ពួកគេថា បុរសអាយុ៥៩ឆ្នាំម្នាក់ ដែលសង្ស័យជា អ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ក៏បានស្លាប់នៅក្នុងការផ្ទុះផងដែរ។ ក្រៅពីនេះ មានមនុស្ស០៥នាក់ទៀត បានទទួលរងរបួស។

គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ បានកើតឡើងនៅក្បែរទីក្រុងក្វាងចូវ (Guangzhou) កាលពីព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ នៅក្នុងភូមិតួចមួយឈ្មោះ Mingjing ដែលមានប្រជាជនរស់នៅប្រមាណ៣,០០០នាក់ប៉ុណ្ណោះ តែទីតាំងសម្រាប់គម្រោងអភិវឌ្ឍអលនទ្រព្យធំមួយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅការិយាល័យនៃគណៈកម្មាធិការភូមិ ដែលមានសិទ្ធិសម្រេចចិត្តលើបញ្ហាដែលទាក់ទងនឹងការប្រើប្រាស់ដីធ្លី។