(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលី នៅថ្ងៃអង្គារនេះ បានព្រមានថា គ្រោះទឹកជំនន់ដ៏អាក្រក់នៅឆ្នេរភាគខាងកើតប្រទេសអូស្រ្តាលី «នៅបន្តវាយប្រហារមិនទាន់ចប់នៅឡើយទេ» ខណៈប្រជាជនរាប់ពាន់នាក់បន្ថែមទៀត ត្រូវបានគេជូនដំណឹងអំពីការជម្លៀសចេញ ហើយប្រជាជនរាប់រយនាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះពីគ្រោះទឹកជំនន់ដែលកំពុងតែកើនឡើងនេះ ដោយក្រុមអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

ភ្លៀងធ្លាក់ខ្លាំង បានបន្តវាយប្រហារភាគខាងត្បូងឈៀងខាងកើត (ភាគអាគ្នេយ៍) ប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនថ្ងៃ ដែលបង្កឱ្យទឹកទន្លេនៅក្នុងរដ្ឋដែលមានប្រជាជនអូស្រ្តាលីច្រើនបំផុត គឺរដ្ឋញូសោតវែលស៍ (New South Wales ឬ NSW) កើនឡើងដល់កម្រិតកំពូលដែលមិនធ្លាប់មានពីមុនមក។

អភិបាលរដ្ឋ NSW លោកស្រី ក្លេឌីស ប៊ឺរេជីកលីអេន (Gladys Berejiklian) បានគូសបញ្ជាក់ថា «ដូចដែលយើងបានណែនាំកាលពីម្សិលមិញ ប្រជាជនប្រហែល ១៨,០០០នាក់ត្រូវបានជម្លៀសចេញ ហើយគួរឱ្យសោកស្តាយណាស់ ឥឡូវនេះយើងមានការព្រមានអំពីការជម្លៀសប្រជាជនប្រមាណ ១៥,០០០នាក់បន្ថែមទៀតចេញជាបន្ទាន់»

គួរបញ្ជាក់ថា បើតាមក្រុមសេវាសង្គ្រោះបន្ទាន់ ពួកគេបានទទួលការហៅសុំឲ្យជួយសង្រ្គោះពីមនុស្សជាង ១០,០០០នាក់ និងបានជួយសង្គ្រោះតំបន់ដែលរងគ្រោះដោយគ្រោះទឹកជំនន់នេះប្រមាណ៨៥០កន្លែង ហើយរហូតមកទល់ពេលនេះ មិនទាន់មានអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ប៉ុន្តែផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញ ខណៈផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក៏ត្រូវបានជន់លិចផងដែរ៕