(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក នៅថ្ងៃចន្ទសប្តាហ៍នេះ បានលើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 ដទៃទៀត គួរតែយកលំនាំតាមក្រុមហ៊ុនអង់គ្លេស AstraZeneca នោះគឺការផ្តល់អាជ្ញាប័ណ្ណផ្នែកបច្ចេកទេស ឲ្យក្រុមហ៊ុនផ្សេងទៀតផលិតបន្ត នៅតាមតំបន់ខុសៗគ្នាជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២១។

បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford កំពុងតែត្រូវផលិតឡើង នៅតាមតំបន់ផ្សេងៗគ្នាជាច្រើន រួមមានទាំងនៅកូរ៉េខាងត្បូង និងនៅឥណ្ឌាផងដែរ។ អគ្គនាយករបស់អង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានអំពាវនាវឲ្យក្រុមហ៊ុនដទៃទៀត ដែលអភិវឌ្ឍវ៉ាក់សាំង COVID-19 គួរប្រកាន់យកគំរូនេះ ដើម្បីបង្កើនបរិមាណវ៉ាក់សាំងនៅលើពិភពលោក។

គួរបញ្ជាក់តាមលោក Tedros ឲ្យដឹងថា ការបង្កើនចំនួនវ៉ាក់សាំងឲ្យកាន់តែច្រើន តាមតែអាចធ្វើបាន ក៏នឹងបម្រើជាប្រយោជន៍ផងដែរ សម្រាប់កម្មវិធីចែករំលែកវ៉ាក់សាំង COVAX ដែលមានគោលដៅផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន AstraZeneca បានបញ្ចេញលទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំង ក្នុងទ្រង់ទ្រាយធំមួយ នៅសហរដ្ឋអាមេរិក ដែលបង្ហាញឲ្យឃើញពីប្រសិទ្ធភាព ៧៩ភាគរយ ក្នុងការការពារប្រឆាំងនឹង COVID-19 ហើយពុំបង្កើនហានិភ័យនៃបញ្ហាកំណកឈាម (blood clot) ដែលថ្មីៗនេះ មានការព្រួយបារម្ភខ្លាំងនៅតំបន់អឺរ៉ុបឡើយ៕