(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនកំពុងពិចារណាលើការចំណាយកញ្ចប់ថវិកាជាង ៣ទ្រីលានដុល្លារលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសហរដ្ឋអាមេរិក រួមទាំងគម្រោងអាទិភាពជាច្រើនទៀតដែលក្រុមទីប្រឹក្សារបស់លោក បៃដិនគ្រោងនឹងលើកយកមកជជែកពិភាក្សាជាមួយរូបលោក នៅក្នុង សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

លោក ចូ បៃដិនដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីខែមករាមក បានសន្យាថានឹងប្រឹងប្រែងដើម្បីឱ្យកញ្ចប់ថវិកាទី២ ដែលមានគោលដៅ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិកត្រូវបានអនុម័តដោយសភា ហើយកញ្ចប់ថវិកានេះទៀតសោតនឹងត្រូវបានបែងចែកជាពីរ ដោយមានទំហំសរុប ៣ទ្រីលានដុល្លារ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរបស់លោក បៃដិន ត្រូវបានបញ្ចេញ បន្ទាប់ពីកញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចពីCOVID-19 មានទំហំ១.៩ទ្រីលានដុល្លារ ត្រូវបានសភាអនុម័ត និងត្រូវបានលោកបៃដិនផ្ទាល់ចុះហត្ថលេខាកាលពីដើមខែមីនាកន្លងទៅនេះ៕