(យូអិន)៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា លោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃអំពើហិង្សា ប្រឆាំងនឹងជនជាតិអាស៊ីនៅទូទាំងពិភពលោក ក្នុងកំឡុងពេលមានជំងឺឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

អ្នកនាំពាក្យ UN លោក ហ្វារ៉ាន ហាក (Farhan Haq) បានគូសបញ្ជាក់ថា «ពិភពលោកបានឃើញយ៉ាងច្បាស់ នូវការវាយប្រហារយ៉ាងសាហាវឃោឃៅ ការប្រើពាក្យសំដី និងការយាយីទាំងផ្លូវកាយ និងផ្លូវចិត្ត ការសម្លុតធ្វើបាបនៅតាមសាលារៀន ការរើសអើងជាតិសាសន៍នៅតាមកន្លែងធ្វើការ ការញុះញង់ឱ្យមានការស្អប់ខ្ពើមនៅលើប្រព័ន្ធផ្សព្វផ្សាយ និងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងភាសាដែលមានឥទ្ធិពល ដោយអ្នកដែលមានអំណាច ហើយយើងពិតជាចង់ឱ្យមានការបញ្ឈប់ នូវរាល់អំពើហិង្សាទាំងអស់នេះណាស់»

លោក Haq បានគូសបញ្ជាក់បន្ថែមថា «អគ្គលេខាធិការ UN បានសំដែងការព្រួយបារម្ភ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ដោយប្រកាន់ជំហរសាមគ្គីភាព ជាមួយអ្នកទាំងឡាយណា ដែលបាននិងកំពុងប្រឈមនឹងការរើសអើងជាតិសាសន៍ និងការរំលោភបំពានផ្សេងៗ លើសិទ្ធិមនុស្សរបស់ពួកគេ»

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះបានកើតឡើង បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុង អាត្លង់តា (Atlanta) នៃរដ្ឋចរចៀ (Georgia) សហរដ្ឋអាមេរិក កាលពីដើមខែនេះ ដែលបណ្តាលឱ្យមនុស្ស ០៨នាក់ស្លាប់ ក្នុងនោះរួមមាន ០៦នាក់ជាស្ត្រីជនជាតិអាមេរិកាំង ដើមកំណើតអាស៊ី។

ការបាញ់ប្រហារនេះ បានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង ក្នុងចំណោមសហគមន៍ជនជាតិអាមេរិកាំង ដើមកំណើតអាស៊ី ដែលបានរាយការណ៍អំពីការកើនឡើង នូវឧក្រិដ្ឋកម្មបែបស្អប់ខ្ពើមដ៏ឃោឃៅ ចាប់តាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ ដែលពេលនោះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមហៅវីរុសកូរ៉ូណា (COVID-19) ថាជា «វីរុសចិន»៕