(វ៉ាស៊ីនតោន)៖ បុរសកូរ៉េខាងជើងម្នាក់ ដែលត្រូវបានធ្វើបត្យាប័នពីម៉ាឡេស៊ី ទៅកាន់សហរដ្ឋអាមេរិក បានបង្ហាញខ្លួននៅក្នុងតុលាការហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់លាងលុយកខ្វក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។

ក្រសួងយុត្តិធម៌អាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបាននិយាយថា លោក មុន ចុល ម្យុង (Mun Chol Myong) មានអាយុ ៥៥ឆ្នាំ គឺជាពលរដ្ឋកូរ៉េខាងជើងដំបូងគេបំផុត ដែលត្រូវបានធ្វើបត្យាប័នមកកាន់សហរដ្ឋអាមេរិក។ សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា លោក Mun មិនមែនត្រូវបានធ្វើបត្យាប័ន ដោយកូរ៉េខាងជើងនោះទេ ប៉ុន្តែលោកត្រូវបាននាំខ្លួនមកកាន់សហរដ្ឋអាមេរិកដោយ «ប្រទេសមួយ» ជាទីដែលរូបគាត់ត្រូវបានឃាត់ខ្លួន ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩មក។

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌អាមេរិក មិនបានបញ្ជាក់ឲ្យចំឈ្មោះថា ប្រទេសណាមួយជាអ្នកធ្វើបត្យាប័នលោក Mun Chol Myong ឡើយ។ ក៏ប៉ុន្តែកូរ៉េខាងជើងកាលពីសប្ដាហ៍មុនបានប្រកាស ផ្ដាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី ហើយបានបិទស្ថានទូតរបស់ខ្លួន ប្រចាំទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ជាការប្រឆាំងជំទាស់នឹងអាជ្ញាធរម៉ាឡេស៊ី ជុំវិញការធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួន ឱ្យទៅសហរដ្ឋអាមេរិក។

ទីក្រុងព្យុងយ៉ាងបានហៅចំណាត់ការរបស់អាជ្ញាធរម៉ាឡេស៊ីថា ជាការធ្វើតាមការបង្គាប់បញ្ជា ដោយងងឹតងងុលពីសហរដ្ឋអាមេរិក ខណៈម៉ាឡេស៊ីបានថ្កោលទោស ការសម្រេចចិត្តរបស់កូរ៉េខាងជើង ដោយប្រកាសដូចគ្នាពីការផ្ដាច់ទំនាក់ទំនងការទូត និងបិទស្ថានទូតខ្លួនក្នុងទីក្រុងព្យុងយ៉ាង។ ម៉ាឡេស៊ី និងកូរ៉េខាងជើង បានបង្កើតទំនាក់ទំនងការទូតនឹងគ្នា កាលពីឆ្នាំ១៩៧៣៕