(ប្រ៊ុចស៊ែល)៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃសហភាពអ៊ឺរ៉ុបនៅទីក្រុងប្រ៊ុចសែលនៅថ្ងៃចន្ទ ទី២២ មីនានេះ បានអនុម័តការដាក់ទណ្ឌកម្មលើការរំលោភបំពានសិទ្ធិមនុស្សនានានៅក្នុងប្រទេសចិន មីយ៉ាន់ម៉ា និងរុស្ស៊ី ខណៈដែលប្លុកនេះពង្រីកវិធានការណ៍ដែលផ្តោតលើការរំលោភសិទ្ធិសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

សហភាពដែលសមាជិកចំនួន២៧ប្រទេស គ្រោងនឹងដាក់មន្ត្រីចំនួន០៤រូបនិងអង្គភាពរដ្ឋមួយរបស់ចិន ចូលក្នុងបញ្ជីខ្មៅជុំវិញការបង្ក្រាបរបស់ក្រុងប៉េកាំងទៅលើជនជាតិភាគតិចអ៊ូហ្គួរ បន្ទាប់ពីឯកអគ្គរដ្ឋទូតនានានៃប្លុកនេះបានផ្តល់ភ្លើងខៀវកាលពីសប្តាហ៍មុន។

សហគមន៍អ៊ឺរ៉ុបក៏នឹងបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ទិដ្ឋាការលើមន្រ្តី ១១នាក់របស់របបយោធាភូមា ពីបទធ្វើរដ្ឋប្រហារយោធាកាលពីខែមុន និងការបង្ក្រាបទៅលើក្រុមបាតុករផងដែរ។

សកម្មភាពជានិមិត្តរូបនេះ ត្រូវបានរាយការណ៍ដោយអ្នកការទូតសហគមន៍អ៊ឺរ៉ុប ហើយរំពឹងថានឹងត្រូវបង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិប័ត្រផ្លូវការរបស់ខ្លួននៅថ្ងៃចន្ទនេះ។ វាជាលើកដំបូងហើយ ដែលទីក្រុងប្រ៊ុចសែលបានវាយប្រហារលើទីក្រុងប៉េកាំងជុំវិញការរំលោភសិទ្ធិមនុស្ស ចាប់តាំងពីប្លុកមួយនេះបានដាក់ទណ្ឌកម្មអាវុធកាលពីឆ្នាំ២០១៥ បន្ទាប់ពីទីលានធានអានម៉ែន។

អ្នកការទូតបាននិយាយថា វិធានការទាំងនេះគឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មសិទ្ធិមនុស្ស ដែលសំដៅលើបុគ្គលរាប់សិបនាក់ ដែលរួមបញ្ចូលទាំងបុគ្គលនៅក្នុងប្រទេសរុស្ស៊ី កូរ៉េខាងជើង អេរីទ្រា ស៊ូដង់ខាងត្បូង និងប្រទេសលីប៊ីផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសស្លូវ៉ាគីលោក Ivan Korcok បានមានប្រសាសន៍ថា «នេះគឺជាជំហានដ៏សំខាន់មួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង»

គួរបញ្ជាក់ថា ជុំវិញបញ្ហានេះក្រសួងការបរទេសចិនបានព្រមានថា ទីក្រុងប៉េកាំងនឹងចាត់វិធានការឆ្លើយតបយ៉ាងចាស់ដៃ ប្រឆាំងនឹងការដាក់ទណ្ឌកម្មណាមួយចំពោះសកម្មភាពរបស់ខ្លួននៅក្នុងតំបន់ភាគខាងលិចខេត្តស៊ីនជាំង៕