(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 រហូតដល់ចំនួន ៨,០១៩នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺនេះមក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺ COVID-19 ចំនួន ០៤នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១២,៩៧២នាក់។ ដោយឡែកចំនួនអ្នកជំងឺដែលបានជាសះស្បើយសរុបកើនឡើងដល់ ៥៧៧,៨៥០នាក់ បន្ទាប់ពីរកឃើញអ្នកជាសះស្បើយថ្មីចំនួន ១០៣នាក់។

គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនសរុបប្រមាណ១១០លាននាក់ បានតេស្តប្រជាជនរបស់ខ្លួនចំនួនជាង ៩លាននាក់ហើយរហូតមកទល់ពេលនេះ។

លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញនៅថ្ងៃចន្ទនេះថា វីរុសបំប្លែងខ្លួនថ្មីដែលមានប្រភពពីចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង បានរីករាលដាលនៅគ្រប់ទីក្រុងទាំងអស់នៃរដ្ឋធានីម៉ានីល៕